ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសារធារណកាតនិងដឹកជញ្ជួន បានធ្វើការណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈម ដែលបានកើតឡើងដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីបែបនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហា ការងារសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដែលមានលោក ស៊ុន ចាន់ថុល និងលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ជាសហប្រធាន និងមានចូលរួមពីថ្នាក់ដឹកនាំ ទទួលបន្ទុកគ្រប់គ្រងគម្រោង នៅថ្ងៃ៦ តុលា ។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ (កម្ពុជា-កូរ៉េ) បានលើកយកបញ្ហាប្រឈមបានកើតឡើង មកជជែកពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ក៏ដូចជាការស្តាប់សំណូមពររបស់ក្រុមហ៊ុនម៉ៅការ សាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួបប្រទះ ក្នុងការបំពេញការងាររបស់ខ្លួន នាពេលកន្លងមក ដើម្បីស្នើសុំអនុសាសន៍ ណែនាំបន្ថែម ក្នុងគោលបំណងជំរុញឲ្យការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងលេខ២២អាចសម្រេចបាននូវលទ្ធផលល្អ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍ណែនាំល្អៗ ដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈម ដែលបានកើតឡើងដោយស្មារតី ទទួលលខុសត្រូវខ្ពស់ និងមិនបណ្តែតបណ្តោយឱ្យបញ្ហាប្រឈមទាំងអស់ ជះផល ប៉ះពាល់ ដល់ការអនុវត្តគម្រោងការងារដែលជាកត្តាអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវនេះ។
ជាមួយគ្នានេះផងដែរ លោកឯកអគ្គរដ្ឋទូតកូរ៉េ ក្នុងនាមប្រធានគណៈប្រតិភូ រួមជាមួយតំណាងមូលនិធិ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច(EDCF) និងក្រុមហ៊ុនម៉ៅការ សាងសង់ បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការឱ្យបានជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានា និង ជំរុញ ការអនុវត្តគម្រោងសម្រេចបានជោគជ័យ។
គួររម្លឹកដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ ប្រើប្រាស់ថវិកា ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕ ដោយ រិន ចំរើន