ស្ថាប័ននី​តិ​​ប្បញ្ញត្តិកម្ពុជា-ថៃឡង់ដ៍បានដើរតួជាយន្តការដ៏សំខាន់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ

ភ្នំពេញ៖«ស្ថាប័ននី​តិ​​ប្បញ្ញត្តិនៃប្រទេសទាំងពីរ បានដើរតួជាយន្តការដ៏សំខាន់ក្នុងការពង្រឹងពង្រីកទំនា​ក់ទំ​នងមិត្តភាព និងលើ​កកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវសន្តិសុខ ជូនប្រទេ​ស​ជាតិ ដែលជាប្រ​យោ​ជន៍ដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រទេសទាំងពីរ»។ នេះជាការលើកឡើងរបស់ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អនៃព្រឹទ្ធសភាថៃឡង់ដ៍ក្នុងឱកា​ស​ដឹកនាំគណៈប្រតិភូចូ​ល​​ជួបសម្តែងការគួរសម សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២នៅវិ​មា​ន​ព្រឹទ្ធសភា។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានឱ្យដឹងថា គណៈប្រតិភូមានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីការងារប្រឆាំងអំពើពុករលួ​យ​​។ ឧត្តមនាវីឯកស​ង្ឃឹ​មថា សភានៃប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបតិ្តការជាមួយគ្នាទៅលើ​វិស័​យនេះ។

ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានគូសបញ្ជក់ថា «ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាច​ក្រ​ថៃ​ឡង់ដ៏មានព្រំប្រទល់ជាប់គ្នា ប្រជាជនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ មានវប្បធម៌ ទំនៀមទម្លាប់ប្រ​​ពៃ​​ណីស្រដៀងគ្នា ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែនតែងតែងមានការពឹកពាក់យកអាសា​​​​គ្នា​ទៅវិញទៅមក តាំងពីយូរលង់ណាស់មកហើយ»។ ជាមួយគ្នានេះ ប្រទេសទាំងពីរជាប្រទេសស​មា​ជិកអា​​ស៊ាន ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យ ប្រៀបដូចគ្រួសារតែមួយ។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច សាយ ឈុំ បានសម្តែងនូវការស្វាគ​មន៍​យ៉ាងកក់ក្តៅចំ​ពោះ​គណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចជឿជាក់ថា«ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ ពិតជានឹងរួមចំណែកដ៏​​​សំខាន់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រ​​​សើរជាងមុនថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេ​​​លបច្ចុប្បន្ន និងក្នុងពេលអនាគត»។

សូមរម្លឹកថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ១៩៥០ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះគឺមា​ន​រយៈពេល៧២ឆ្នាំមកហើយ៕

ដោយ៖ សាន សៀងហៃ