ភ្នំពេញ៖ កម្ពុជា-ម៉ាល់ឌីវ បានប្តេជ្ញាពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ និងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវសម្រាប់ការនាំចេញ រួមទាំងនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវផង និងវិស័យផ្សេងៗទៀតដែលមានសក្តានុពល។
ក្នុងជំនួបរវាង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Abdulla Shahid រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ កាលពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាទៅលើការរៀបចំការសម្រួលការផ្ដល់ទិដ្ឋាការ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងធុរកិច្ច រវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចការងាររបស់ លោក Abdulla Shahid មកកាន់កម្ពុជាកាលពីខែសីហាកន្លងទៅ និងបានពិភាក្សាអំពីការសម្រេចឱ្យបាននូវការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីម៉ាល់ឌីវថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រីករាយនឹងទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីម៉ាល់ឌីវ នៅដើមឆ្នាំក្រោយ តាមវេលាសមស្រប។
លើសពីនេះទៅទៀត ភាគីទាំងពីរ បានឯកភាពគ្នាថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ាល់ឌីវ មកកាន់កម្ពុជាលើកនេះ និងដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពហើយនឹងឈានទៅដល់ការពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។
ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកម្ពុជា-ម៉ាល់ឌីវ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នាពិចារណាលើការសម្រេចឱ្យបាននូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា និងម៉ាល់ឌីវ៕
ដោយ៖ គង់ សេដ្ឋាមុនី