សហរដ្ឋអាមេរិក៖ យោងតាមផេកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី២២ កញ្ញានេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរមកដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅវេលាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ ត្រូវនឹងព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅកម្ពុជា បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រមាណជា២២ម៉ោង ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
សម្ដេចតេជោនឹងធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន។
ក្នុងនោះការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូយ៉ក សម្តេចតេជោក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយ លោក អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោក ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនិងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។
សូមជម្រាបជូនថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន÷ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា” គឺធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញាឆ្នាំ២០២២នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក៕ ដោយ៖ សម្បត្តិ សំណាង