ផ្លូវតភ្ជាប់កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចរអិលបាក់ បានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ

មណ្ឌលគិរី៖ ក្នុងដំណើរនិវត្តទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីបំពេញបេសកកម្មការងាររយៈពេល ៣ថ្ងៃ តាមបណ្តាខេត្ត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពសំណង់ផ្លូវតភ្ជាប់ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានស្ថាបនារួចរាល់ជាស្ថាពរ។

ការចុះត្រួតពិនិត្យនេះ  បន្ទាប់ពីកំណាត់ផ្លូវប្រវែង ១៦៦ម៉ែត្រ បានបាក់ស្រុតដោយសារការរអិលបាក់ដី នៅត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ចន្លោះ PK94+080 – PK94+150) កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

បច្ចុប្បន្ននេះ ការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញប្រវែង ៤២៥ម៉ែត្រ(PK93+900-PK94+325) ការងារស្ថាបនាប្រឡាយ Rip-Rap និងលូកាត់ទទឹងផ្លូវ សម្រេចរួចរាល់១០០% ដោយបានបើកឱ្យធ្វើចរាចរណ៍ជាធម្មតា ហើយរំពឹងថានឹងទទួលបានការធ្វើដំណើរច្រើនពីសំណាក់អ្នកទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ៕