ភ្នំពេញ៖ ប្រទេសចំនួន ៨៨ នឹងអញ្ជើញមកខេត្តសៀមរាបដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ នេះ បើតាមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សុខ ចិន្ថាសោភា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
អង្គប្រជុំបានពិភាក្សា និងកំណត់គោលការណ៍ដោយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលនឹងប្រារព្ធក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៦។ដោយឡែកចំពោះ សមាសភាពចូលរួមមានសរុប ៨៨ប្រទេស ក្នុងនោះ ៥៤ ប្រទេសជាសមាជិក ២៧ប្រទេសជាអ្នកសង្កេតការ ៧ប្រទេសចូលរួម។ កិច្ចប្រជុំនេះ គឺជាឱកាសល្អសម្រាប់ប្រទេសកម្ពុជា លើគ្រប់វិស័យ សេដ្ឋកិច្ច សង្គម គ្រួសារ ឯកជន ជាពិសេសទេសចរណ៍ វប្បធម៌ បរិស្ថាន និងការទូត។ ល។
ក្នុងជំនួបរវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រីអគ្គលេខាធិការ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជាធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែកថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក។លើសពីនេះទៅទៀត កាត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅឆ្នាំ២០២៦ កម្ពុជាក៏បានទទួលការស្វាគមន៍គាំទ្រពី លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងផងដែរ។
អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។ បេសកកម្មរបស់ Francophonie គឺដើម្បី៖ (១) ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា (២) លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (៣) គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ (៤) អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព៕