វិស័យសំណង់ និងព័ត៌មានវិទ្យាជាជំនាញដែលយុវជនចាប់អារម្មណ៍ច្រើនជាងគេ

ភ្នំពេញ៖ រយៈពេលជិត៤ខែចាប់ពីថ្ងៃទី១៥ វិច្ឆិកា ២០២៣ ដល់ថ្ងៃទី៦ មីនា ២០២៤នេះ វិស័យសំណង់ និងធុរកិច្ច និងព័ត៌មានវិទ្យា ជាជំនាញដែលមានការចាប់អារម្មណ៍ និងមានសិក្ខាកាមកំពុងសិក្សាច្រើនជាងគេនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យរបស់រាជរដ្ឋាភិបាល។

លោកកត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា វិស័យសំណង់មានអ្នកសិក្សាចំនួន ១២០ថ្នាក់ ស្មើនិង ៤៤០៩នាក់ និងធុរកិច្ច និងព័ត៌មានវិទ្យា ១២២ថ្នាក់ ស្មើនិងជាង ៨៧៩៩នាក់។ ដោយឡែកអគ្គិសនី និងថាមពល ៥៤១នាក់, អេឡិចត្រូនិក ៤៧៧នាក់, កម្មន្តសាល ២២៩នាក់, មេកានិចទូទៅ/មេកានិចរថយន្ត ៤ ២០៨នាក់, សេវាកម្ម ១ ៦៦១នាក់, បរិក្ខារត្រជាក់ និងកម្តៅ ៤ ២១៨នាក់, ទេសចរណ៍ ១ ៨៧៣នាក់, និងកសិកម្ម និងកសិ-ឧស្សាហកម្ម ១ ២៨៩នាក់។

លោកបន្ថែមថា គិតត្រឹមថ្ងៃទី៦ មីនា ២០២៤ នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានសិក្ខាកាមចំនួន ២៧ ៧០៤ នាក់ ក្នុងនោះស្រី ៩ ៦១៧នាក់ កំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលត្រូវបានបែងចែកជា ៥៤៥ថ្នាក់នៅទូទាំងប្រទេស។

លោកបញ្ជាក់ទៀតថា រាជធានីភ្នំពេញមានសិក្ខាកាមរៀនជំនាញច្រើនជាងគេ ដោយមានសិក្ខាកាមចំនួន ១០ ៣០៥នាក់ ខេត្តបាត់ដំបងចំនួន ៣ ៤៦២នាក់ ខេត្តសៀមរាបចំនួន ១ ៩៨២នាក់ ខេត្តព្រះសីហនុចំនួន ១ ០៨១នាក់ ខេត្តកណ្ដាលចំនួន ៩៨៣នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៩ ៨៩១នាក់។

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសបើកឱ្យអនុវត្តជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះក្រសួងការងារបានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមដោយមានអ្នកអ្នកចែករំលែកបន្តសរុបចំនួន ១៩៩ដង និងចំនួនចូលទស្សនាចំនួន៣៨ ៤០៤ដង។

គិតត្រឹមថ្ងៃនេះ អ្នកទាញយកកម្មវិធីនេះសរុបចំនួន ២២ ៦៧៤នាក់ ក្នុងនោះ ពី APPSTORE (IOS) ចំនួន ១១ ៤០៩នាក់ ពី PlayStore ចំនួន ១១ ១៨០នាក់ និងពី APPGallery ចំនួន ៨៥នាក់។ ក្នុងនោះការចុះយុទ្ធនាការផ្សព្វផ្សាយតាមសង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបាន ៧៤៧លើក ដែលមានអ្នកចូលរួមចំនួន ៨០ ២០៤នាក់៕