ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ប្រាប់តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា មានឆន្ទះយ៉ាងមុះមុតក្នុងកិច្ចការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ដែលជាសិទ្ធិសកលរបស់ពលរដ្ឋ ខណៈសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស។
សម្តេចឃួន សុដារី បានប្រាប់បែបនេះ ក្នុងគ្រាដែលសម្តេច អនុញ្ញាតជូន លោកស្រី Rouieda El Hage តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(UN-OHCHR) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
សម្តេចបានលើកឡើងទៀតថា៖«កម្ពុជាបានបញ្ចូលគោលការណ៍សិទ្ធិមនុស្សទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដោយរួមបញ្ចូលនូវសិទ្ធិសំខាន់នានាដូចជា សមភាពចំពោះមុខច្បាប់ សិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពខាងសាសនានិងជំនឿ សមភាពយេនឌ័រ និងសិទ្ធិក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម»។
បើតាមសម្តេច ឃួន សុដារី រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិនានាដែលលើកស្ទួយដល់សិទ្ធិមនុស្សធំៗ បានចំនួន៨ ។ រដ្ឋសភាកម្ពុជាមានគណៈកម្មការទទួលបន្ទុកវិស័យ សិទ្ធិមនុស្ស ដែលធ្វើការជិតស្និទ្ធ ជាមួយពលរដ្ឋ ដែលនៅសភាបណ្តាប្រទេសជាច្រើនលើសកលលោក ពុំមានគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្ស ឡើយ។
ជាមួយគ្នានោះ សម្តេចឃួន សុដារី បញ្ជាក់ថា រដ្ឋសភាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងការការពារគោលការណ៍សិទ្ធិមនុស្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាជាប្រទេសហត្ថលេខី និងត្រៀមសហការជានិច្ចជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា។
សម្តេចរដ្ឋសភាធិបតីបានថ្លែងអំណរគុណចំពោះUNHCHRដែលបានរួមចំណែកក្នុងបេសកកម្មលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក។
នាឱកាសនោះដែឬ លោកស្រី Rouieda El Hage បានរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភាអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងUNHCHR ជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ក្រសួងការបទេសនិងសហប្រតិបត្តិការអន្តជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ជាពិសេសគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ជាដើម។
សម្តេច ឃួន សុដារី និងលោកស្រី Rouieda El Hage បានសន្យាថានឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស ដែលជាបញ្ហាសកល ក្រោមពាក្យស្លោកថា «ប្រសិនបើអ្នកចង់ទៅលឿន អ្នកទៅតែម្នាក់ឯង តែបើអ្នកចង់ទៅឱ្យបានឆ្ងាយ អ្នកត្រូវទៅជាមួយគ្នា»៕