ក្រសួងការងារ ចុះMOU ជាមួយកូរ៉េ ជ្រើសរើសពលកររដូវកាលពីកម្ពុជា

ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុននៃធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសការងារ ជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ។

ក្នុងឱកាសនោះលោក ហេង សួរ បានសម្ដែងនូវការថ្លែងអំរណរគុណដល់លោក Yook, Dong Han (យូក ទុងហាន) ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ។ ក្រៅពីការជ្រើសរើសពលកររដូវកាល ជាមួយគ្នានោះលោករដ្ឋមន្រ្តី បានជំរុញឱ្យលោកអភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រ សហគ្រាសក្នុងក្រុងទទួលយកពលករជំនាញរបស់កម្ពុជា(E7)ផងដែរ។

ជាការឆ្លើយតប លោកអភិបាលក្រុងឈុនឆន់ បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី សម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណកូរ៉េជាច្រើនមកហើយ។

សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ ជាពិសេសសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ពលករ៕