ថ្នាក់ដឹកនាំ មេគង្គ-ឡានឆាង ប្តេជ្ញាកសាងសហគមន៍វាសនារួមនៃសន្តិភាព និងវិបុលភាព ឱ្យកាន់តែប្រសើរឡើងក្នុងតំបន់ និងអនុម័តឯកសារសំខាន់ចំនួន៣

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ក្រោម មូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមានទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន លោក មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាមានិតចិន។

កិច្ចប្រជុំក៏មានការចូលរួមពី លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង។ ថ្នាក់ដឹកនាំបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ច្រើនក្នុង រយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្តែង និងអត្ថប្រយោជន៍នៅគ្រប់វិស័យ តាម រយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។ ថ្នាក់ដឹកនាំក៏បានកោតសរសើរផងដែរ ចំពោះមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានគាំទ្រគម្រោងជាង៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការកសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការពង្រឹងសិទ្ធិអំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយប្រទេសសមាជិកទាំងប្រាំមួយ។ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការអនុម័តគម្រោង ដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឱ្យ ពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងទាំងនោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសទាំងប្រាំមួយ។

ថ្នាក់ដឹកនាំ បានប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការកសាងសហគមន៍រួមនៃសន្តិភាព និងវិបុលភាពក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង ក្នុងខណៈមានការប្រឈមមុខការប្រែប្រួលនៃពិភពលោកយ៉ាងឆាប់រហ័ស និងបញ្ហា ប្រឈមដែលមិនធ្លាប់មានពីមុនមក។ ថ្នាក់ដឹកនាំបានអះអាងសាជាថ្មីនូវការសហការដើម្បីដោះស្រាយបញ្ហា ប្រឈមរួមគ្នា និងបានឯកភាពជំរុញការអភិវឌ្ឍខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដែលផ្តោតលើប្រជាជន ដោយប្រើប្រាស់កាលានុវត្តភាពពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្ត ឧស្សាហកម្ម ដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំក៏បានប្ដេជ្ញាបន្តពង្រឹងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៊ីគ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នាដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្ដេច ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្ត ជាមួយនឹងលទ្ធផលជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផល ផ្លែផ្កាពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។

ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្តិភាព និង វិបុលភាព ក្នុងចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ ខ្សែក្រវ៉ាត់អភិវឌ្ឍន៍ សេដ្ឋកិច្ច ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងអនុតំបន់និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់ តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំង ជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែននិងភាពប្រកួតប្រជែងរយៈពេលវែង របស់តំបន់យើង។

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ បានបញ្ចប់ដោយជោគជ័យជាមួយ នឹងការអនុម័តឯកសារសំខាន់ចំនួន៣គឺ៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (២) ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) និង (៣) គំនិតផ្តួចផ្តើមរួមស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានសារៈសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង៕