ជប៉ុន៖ កម្ពុជា-ជប៉ុន បានធ្វើការប្ដេជ្ញាចិត្តរួមគ្នា បន្តពង្រឹង និងពង្រីកបន្ថែម នូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេសជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន នៅទីក្រុងតូក្យូ។
ក្នុងឱកាសនោះ លោកស្រី កាមិកាវ៉ា យ៉ូកុ បានសម្តែងនូវអំណរគុណចំពោះលោកសុខ ចិន្តាសោភា ដែលបានចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ខណៈដែលលោក បានសម្តែងនូវអំណរសាទរចំពោះប្រទេសជប៉ុន ដែលបានធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ដ៏សំខាន់នេះដោយជោគជ័យ។
ជាមួយគ្នាភាគីទាំងពីរ បានរំលឹកអំពីជំនួបប្រកបផ្លែផ្កាតាមទូរស័ព្ទ កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ និងទទួលស្គាល់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា និងជប៉ុន ដោយសារជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួនផង និងជាឆ្នាំដែលប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»ផង ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។
ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកបន្ថែម នូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ការបាសាណាងអ្នក សម្អាតមីន ប្រតិបត្តិការក្សាសន្តិភាព ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍឌីជីថល និងសន្តិសុខអ៊ុនធឺណិត។
លើសពីនេះទៀត ភាគីទាំងពីរ ក៏បានអបអរសាទរចំពោះ ជោគជ័យនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តម មន្ត្រីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ កាលពីខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការរៀបចំកិច្ចប្រជុំនេះឱ្យបានទៀងទាត់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ សាជាថ្មីនូវការថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងជំនួយ និង ការគាំទ្រដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងជប៉ុន និងកម្ពុជា រដ្ឋមន្ត្រីទាំងពីរ បានទន្ទឹងរង់ចាំលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំអន្តរក្រសួងកម្ពុជា- ជប៉ុន ដែលគ្រោងរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីក្រុងភ្នំពេញ នៅដើមឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងគោលនយោបាយជំនួយសម្រាប់កម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ ២០២៤-២០២៨។
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ និងអាស៊ាន-ជប៉ុន។
ជាងនេះទៅទៀត ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាពាក់ព័ន្ធបញ្ហាតំបន់ និងអន្តរជាតិដែលជា ក្តីបារម្ភរួម ដូចជា៖ ស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងខាងកើត កូរ៉េខាងជើង និង ជម្លោះអ៊ីស្រាអែល-ហាម៉ាស់ ជាដើម៕