វៀតណាម៖ កម្ពុជា-វៀតណាម បានធ្វើការប្ដេជ្ញាចិត្ត ដាក់ចេញនូវទិសដៅរួមគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។នេះបើយោងតាមជំនួបរវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដុ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងឱកាសនោះ លោក ផាម មិញជិញ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាចំពោះ សម្តេច ហ៊ុន ម៉ាណែត ផ្ទាល់ ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេច ហ៊ុន ម៉ាណែត នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង ។ ជាងនេះទៀត លោក ក៏បានសម្តែងនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន ។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រី នៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសនេះ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ភាគីទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើការពិភាក្សា និងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជនទាំងពីរ ជាពិសេសវិស័យនយោបាយ, ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, សុខាភិបាល, អប់រំ, ការតភ្ជាប់, ការពារជាតិ, សន្តិសុខ, ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន ។
លើសពីនេះទៀត ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ផងដែរ អំពីកិច្ចការតំបន់ និងសាកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនានា៖ ដូចជា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ, អាស៊ាន និងអនុតំបន់មេគង្គ ជាដើម ៕