កម្ពុជា-ចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ កសិ-ពាណិជ្ជកម្ម ឱ្យមានសកម្មភាពខ្លាំងក្លាបន្ថែម តាមរយៈការចុះMOU ជាមួយគ្នាខាងមុខ

ភ្នំពេញ៖ កម្ពុជា-ចិន បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កសិ-ពាណិជ្ជកម្ម រវាងកម្ពុជា-ក្វាងស៊ី ឱ្យមានសកម្មភាពខ្លាំងក្លាបន្ថែមទៀត ជាពិសេសជំរុញឱ្យមានការចុះអនុស្សរណ នៃការយោគយល់គ្នា(MOU) ពាក់ព័ន្ធច្រករបៀងមច្ឆានិងអង្ករ ជាមួយគ្នានាពេលមុខនេះ។នេះបើយោងតាមជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី កាលពី្រកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។

ក្នុងឱកាសនោះ លោក ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចប្រជុំ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែទទួលបានភាពជោគជ័យល្អប្រសើរ។

ជាមួយគ្នានោះ លោក ឌិត ទីណា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អ គឺជាកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក និងដើម្បីផលប្រយោជន៍រួមគ្នា។

លោក ឌិត ទីណា បញ្ជាក់បន្ថែមថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើនដូចជាស្វាយ ស្វាយចន្ទី អង្ករ និងកៅស៊ូ ដែលវិនិយោគិនចិនអាចសិក្សា និងពិនិត្យលទ្ធភាពក្នុងការកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងផលប្រយោជន៍រួមគ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ។

លើសពីនេះទៀត លោករដ្ឋមន្ដ្រី ក៏បានលើកឡើងផងដែរអំពី «ច្រករបៀងមច្ឆានិងអង្ករ» ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តបៃលិន។ ខេត្តទាំង៤នេះ មានសក្ដានុពលសម្រាប់វិស័យកសិកម្ម ដោយចំពោះដំណាំស្រូវ និងធនធានជលផលជាដើម។

ដោយឡែក តាមរយៈច្រករបៀងមច្ឆានិងអង្ករនេះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កសិ-ពាណិជ្ជកម្ម កម្ពុជា-ក្វាងស៊ី ឱ្យមានសកម្មខ្លាំងក្លាបន្ថែមទៀត ជាពិសេសជំរុញឱ្យមានការចុះ MOU ជាមួយគ្នានាពេលខាងមុខ។
ស្របពេលជាមួយគ្នានោះផងដែរ ភាគីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបើកទូលាយ និងត្រៀមខ្លូនជានិច្ចក្នុងការទទួលអ្នកវិនិយោគចិន ដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជាលើការកែច្នៃផលិតផលកសិកកម្មប្រកបដោយគុណភាពសម្រាប់នាំចេញ ដើម្បីផលចំណេញ ទាំងសម្រាប់កសិករ អ្នកវិនិយោគ និងដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕