កម្ពុជា-EU ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា-សហភាពអឺរ៉ុប(EU) បានឯកភាពគ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា។នេះបើយោងតាមជំនួបរវាងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយ ក្រុមការងារសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។

ក្នុងឱកាសនោះ លោកឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងរបស់ក្រុមការងារសហភាពអឺរ៉ុប ដែលរួមចំណែកក្នុងការលើកកម្ពស់កសិ-ពាណិជ្ជកម្មបៃតង និងតម្លៃបន្ថែមលើផលិតផលកសិកម្ម ដើម្បីផ្តល់ផលចំណេញដល់កសិករខ្នាតតូច។

ជាមួយគ្នានោះ លោក ឌិត ទីណា គូសបញ្ជាក់ថា រាល់កម្មវិធីអភិវឌ្ឍទាំងអស់ទាមទារឱ្យមានកិច្ចសហការ និងសិក្សាឱ្យបានច្បាស់លាស់ និងជាពិសេស ត្រូវស្របទៅតាមអាទិភាពរបស់ក្រសួង និងដើរតាមគោលនយោបាយជាតិដែលបានដាក់ចេញ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែម អំពីគោលនយោបាយសហគមន៍កសិកម្មថ្មី ដែលទើបបានប្រកាសជាផ្លូវការដោយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ហើយដែលកំពុងត្រូវការកិច្ចសហការ និងការគាំទ្របន្ថែមពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត។

លើសពីនេះទៀត ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា៕