ភ្នំពេញ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធីនយោបាយទាំងពីរនោះមាន៣កម្មវិធី រួមមាន៖ ទី១) កម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន, ទី២) កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងទី៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារនោះ គឺកម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានសល់ ផលកសិកម្ម និងបាននាំចេញជាង៦លានតោនក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៣ នេះថែមទៀត។ សម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧បាន បញ្ជាក់ឱ្យឃើញថា កម្ពុជាយើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងនឹងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករយើង។
បើតាម សម្តេច ហ៊ុន ម៉ាណែត ឆ្នាំនេះ ស្រូវមានតម្លៃល្អ បើប្រៀបធៀបជាមួយឆ្នាំមុន ដែលមានតម្លៃចាប់ពី ១០០០រៀល ទៅ ១៣០០រៀល ខណៈតម្លៃជី និងសម្ភារៈកសិកម្មមួយចំនួនមានការធ្លាក់ចុះ។ សម្តេចក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់មន្រ្ដីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម ដែលបានជួយផ្ដល់ពូជស្រូវដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ក្រោយពីទឹកជំនន់បានស្រកចុះនាពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់នោះអាចបង្កង្កើតផលស្រូវបានទាន់ពេលវេលាឡើងវិញ។ សម្តេចក៏បានជំរុញឱ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោកនាពេលខាងមុខ។
សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជានៅរាជធានីភ្នំពេញ និងតាមទីក្រុងភាគច្រើននាំគ្នាទិញផលិតផល ចំណីអាហារ តាមប្រព័ន្ធឌីជីថល អនឡាញ ដែលនេះជាមូលហេតុពលរដ្ឋមិនសូវទៅផ្សារដោយផ្ទាល់ដូចមុននោះទេ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានរម្លឹកឱ្យដឹងថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្នត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះ យើងត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ រដ្ឋាភិបាលកម្ពុជាតិ មិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះវាប៉ះពាល់ដល់ច្បាប់ នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី។
សម្ដេចបានបន្តទៀតថា គោលដៅរបស់រដ្ឋាភិបាល បានកំណត់ថា កសិកម្មមិនមែនផ្ដោតតែទៅលើការដាំដុះដំណាំ និងចិញ្ចឹមសត្វប៉ុណ្ណោះនោះទេ ប៉ុន្តែវាផ្ដោតសំខាន់លើការដាំដុះដំណាំ និងចិញ្ចឹមសត្វអោយបានផលកាន់តែច្រើនស្របតាមទីតាំងភូមិសាស្ត្រ និងតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។ សម្តេចបន្តទៀតថា រាជរដ្ឋាភិបាល នឹងបន្តខិតខំពង្រីកកសិកម្មជាលក្ខណៈគ្រួសារឲ្យទៅជាកសិឧស្សាហកម្មអោយបានកាន់ច្រើន។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា គោលការណ៍រដ្ឋប្រកាសប្រឡងជ្រើសរើសឲ្យបម្រើការនៅតាមឃុំ-សង្កាត់ លើជំនាញកសិកម្មត្រឹមចំនួន ២៥០នាក់ តែបេក្ខជនបានដាក់ឈ្មោះប្រឡងរហូតដល់ជិត១ម៉ឺននាក់ ប៉ុន្តែទោះជាយ៉ាងណាការប្រឡងនេះត្រូវប្រកាន់ជំហរនូវ តម្លាភាព យុត្តិធម៌ និងសុក្រឹត្យភាព ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ដោយអ្នកធ្លាក់ឲ្យគេអស់ចិត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់ត្រូវផ្ដល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដលើកិច្ចការនេះ ដោយការធ្វើការមិនត្រឹមតែចង់បានប្រាក់ខែនោះទេ គឺត្រូវបម្រើ ដល់ប្រជាកសិករប្រកបដោយឆន្ទៈមុះមុត និងមានការជឿជាក់ពីប្រជាកសិករ៕