ព្រះមហាក្សត្រអរគុណបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការ បន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត

ប៉ារីស៖ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា បានជួបព្រះរាជសវនាការជាមួយ លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង នៅវិមាន Élysée ដោយបានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការ បន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត។

នៅក្នុងឱកាសព្រះរាជសវនាការ ជាមួយលោក Emmanuel MACRON នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣  និង  ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាពដែល រដ្ឋាភិបាលបារាំងបានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទាំងនេះបង្ហាញពីការយកចិត្ត ទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។

ជាមួយគ្នានោះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការ បន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវ នៃ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ»។

បើតាមព្រះមហាក្សត្រកម្ពុជា គំនិតផ្ដួចផ្ដើមនេះត្រូវបាន រដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែព្រះករុណា ព្រះមហាក្សត្រ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការ ជួសជុល និងការពង្រីកសារមនី្ទរជាតិដោយអ្នកជំនាញរបស់បារាំង (២)កិច្ចសហប្រតិបត្តិការរវាងសារមនី្ទរ ជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណ ខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។

ជាកិច្ចឆ្លើយតប លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុង ការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាល ធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

លោក Emmanuel MACRON បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុ ធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។

ជាមួយគ្នានោះ លោក Emmanuel MACRON បានចាត់ទុកថាជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្ស រមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។

តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ លោក ប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ចូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណ ព្រះបរមរាជវាំង។

ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៏សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី លោកប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំង មានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់ បារាំងនៅអាស៊ី។

នៅចុងបញ្ចប់នៃព្រះរាជសវនាការលោក  Emmanuel MACRON បានសូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ ២០២៤។ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានសូមអញ្ជើញ លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ភរិយា ចូលរួមភកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ លោក ប្រធានាធិបតី បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម៕