ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទទួលបានការកោតសរសើរ និងការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿននេះឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយ ភាពសប្បាយរីករាយ។
នៅក្នុងលិខិតអបអរសារទររបស់សម្តេច ហ៊ុន ម៉ាណែត ផ្ញើជូន លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd និង លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. នៅថ្ងៃទី ៦ ខែវិច្ឆិកា បានសរសេរថា៖« ក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយះពេល ១ឆ្នាំកន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និងការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿននេះឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយ ភាពសប្បាយរីករាយ»។
សម្តេច ហ៊ុន ម៉ាណែតសង្កត់ថា៖«ដូច្នេះ ផ្លូវល្បឿនលឿននេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់ បន្ថយពេលវេលាធ្វើដំណើរមកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលយើងអាចធ្វើដំណើរទៅមក រវាងភ្នំពេញ និងខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព»។
បើតាម សម្តេច ហ៊ុន ម៉ាណែត លើសពីនេះ ផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន ក្នុងការ ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតប ជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ម្យ៉ាងវិញទៀត បើគិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការតភ្ជាប់ផ្លូវល្បឿនលឿននេះគឺជាខ្សែផ្លូវដែលតភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និងបណ្ដាខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជា គោលដៅតំបន់ឧស្សាហកម្ម សក្តានុពលទេសចរណ៍ ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការ ដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវគោក ផ្លូវសមុទ្រ និងកំពង់ផែ។
តាមរយៈលិខិតនេះ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាគម្រោងដ៏មានសារះសំខាន់មួយស្ថិតក្រោមគំនិតផ្ដួច ផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ដែលបានដាក់ចេញដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ គឺជាការតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដែលជួយពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការមិត្តដែកថែបមិនអាចកាត់ថ្លៃបាន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេច ហ៊ុន ម៉ាណែតបន្ថែមថា ពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាសក្ខីភាពបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការសាងសង់ផ្លូវប្រកបដោយ ស្ដង់ដារ និងគុណភាពខ្ពស់ និងការគ្រប់គ្រងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងភាពជោគជ័យ ហើយ ក៏ស្របពេលខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ផងដែរ។ ចាប់តាំងពីមានចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្ដាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណី រវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងពង្រឹងពង្រីកដោយថ្នាក់ដឹកនាំ ជំនាន់ក្រោយ បានធ្វើឱ្យប្រទេសទាំងពីរក្លាយទៅជាដៃគួយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលបច្ចុប្បន្ននេះ។
សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា៖«ខ្ញុំមានទំនុកចិត្តថា ក្រុមហ៊ុននឹងបន្តឆន្ទៈយ៉ាងមុតមាំនេះ និងបន្តខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធិភាពប្រតិបត្តិការ របស់ខ្លួន ដោយចាប់យកនូវកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗដែលស្របនឹងបរិបទសកល មកបើ ប្រាស់ឱ្យបានទូលំទូលាយ សំដៅបង្កើនស័ក្តសិទ្ធភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ និង សូមសំណូមពរដល់ក្រុមហ៊ុនបន្តធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់»។
ជុំវិបញ្ហានេះ ដែរ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ៧ ខែវិច្ឆិកានេះ ឱ្យដឹងថា គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវ ល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា បានបើកដំណើរ ប្រើប្រាស់ជាផ្លូវការ អស់រយៈពេលមួយឆ្នាំហើយ ដោយក្នុងរយៈពេលមួយឆ្នាំនេះ ផ្លូវល្បឿនលឿនមួយនេះ មានយានយន្តធ្វើដំណើរសរុបចំនួន ៤ ៦៧៩ ២២២ គ្រឿង។
ក្រសួងសង្កត់ធ្ងន់ថា ផ្លូវល្បឿនលឿននេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំយក នូវបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូនដល់ប្រជាពលរដ្ឋ។ ជាពិសេស ផ្លូវមួយខ្សែនេះបានចូលរួមសម្រួលដល់ការ ដឹកជញ្ជូនទំនិញរវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានប្រារព្ធពិធីសម្ពោធនាល្ងាចថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ៕