ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងសម័យប្រឡង នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
បើតាមក្រសួងអប់រំ ក្នុងករណីរកឃើញថាបេក្ខជន បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្តនៅថ្ងៃទី ៥ ខែវិច្ឆិកានេះ បានបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិក្នុងការប្រឡង ព្រមទាំងត្រៀមរៀបចំឯកសារពាក់ព័ន្ធនានាឱ្យបានរួចរាល់ ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថាដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បាន តម្រូវ ឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត នាព្រឹកថ្ងៃអាទិត្យនេះ។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕