ភ្នំពេញ៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលេីកឡេីងថា អ្នកសារព័ត៌មានត្រូវ អនុវត្តន៍ នូវគោលការណ៍ ៣ ជាសំខាន់ ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព ។ ក្នុងនោះការគោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។ នេះបេីយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៍មាននៅថ្ងៃនេះ។
ថ្លែងក្នុងបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មានចំនួនជាង ១០០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាពនៅថ្ងៃទី២២ តុលានេះ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងធ្វើអោយវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតូនាទីសំខាន់ ជាសំលេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតូនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក ។
ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សំភារៈ សម្រាប់បំរើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម ។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាន នោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួមក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដោយក្រសួងបាន ដាក់អោយដំណើរការឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។ នេះបេីតាមការគូសបញ្ជាក់របស់លោករដ្ឋមន្រ្តី។
លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយបានចុះបញ្ជីរនៅក្រសួងព័ត៌មាន មានចំនួនប្រមាណ ៥០០ អាជ្ញាបណ្ណ, វិទ្យុFM មានជាង២២១ ស្ថានីយ៍ នៅទូទាំងប្រទេស , ស្ថានីយ៍ទូរទស្សន៍ មាន ២១ ប៉ុស្ត៍ ទូរទស្សន៍ខ្សែកាបមានជាង ៩០ ប៉ុស្ត៍, សារព័ត៌មានអនឡានមានចំនួន ជាង ៩០០ អាជ្ញាបណ្ណ តែមានបងប្អូនមួយចំនួនទៀតបានប្រតិបត្តិការ ការងារសារព័ត៌មាន ដោយមិនចុះបញ្ជីត្រឹមត្រូវ ។
ពាក់ព័ន្ធករណីខាងលេីនេះ លោករដ្ឋមន្រ្តីថា ដូច្នេះសូមមកចុះបញ្ជីអោយបានត្រឹមត្រូវដើម្បីប្រតិបត្តិការ ការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន៕