ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តម្លៃជាង៣៨លានដុល្លារ នៅថ្ងៃទី២០ តុលាស្អែកនេះ។ ការបើកឱ្យដំណើរការជាបណ្តោះអាសន្ននេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្លងចូលមកកាន់រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម សសរស្ពានមានគម្លាត២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង៩២ម៉ែត្រ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង ។
ស្ពាននេះតម្រូវឱ្យបើកបរ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោងជម្រាលទទឹងស្ពាន ២% សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាស សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ គ្រឹះខួងសសរទី១មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២មានជម្រៅ៧៣,៤០ម៉ែត្រ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣ ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម ។
កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ។
ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។ ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០៕