ភ្នំពេញ ៖កម្ពុជា-ប្រេស៊ីល បានសម្រេចធ្វើការឯកភាពគ្នា ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ។នេះបើយោងតាមជំនួប រវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាជាមួយលោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីសកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ក្នុងឱកាសនោះ លោកម៉ៅរូ វីអេរ៉ា បានបញ្ជាក់អំពីបំណងរបស់ប្រេស៊ី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយសាទរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយក៏បានជម្រាបផងដែរថា ប្រេស៊ីលក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល ។
លើសពីនេះទៀតលោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានគោរពអញ្ជើញ សម្តេច ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលវេលាសមស្របណាមួយ។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញ លោកប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ភាគីទាំងពីរ «ក៏បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម»៕