ស្វីសសន្យាបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្ពុជា ដើម្បីកសាងសមត្ថភាពសិក្ខាកាមឱ្យកាន់តែរីកចម្រើន

ភ្នំពេញ ៖ រដ្ឋាភិបាលសហព័ន្ធស្វីសបានសន្យាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យកាន់តែរីកចម្រើន។ នេះបើយោងតាមជំនួបរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក PEDRO ZWAHLEN អគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ថៃ ឡាវ កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

ក្នុងឱកាសនោះ លោកហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយបណ្តុះបណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជា ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតងនៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា លើជំនាញការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញជួសជុលថែទាំទោចក្រយានយន្ត ការងារកំបោរនិងឥដ្ឋការ៉ូ និងជួសជុលទូទៅជាដើម។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីពិភាក្សាបន្ថែមលើសេចក្ដីព្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសម្រាប់កម្ពុជា ដែលភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងរួចមកហើយ។

លើសពីនេះទៀត ក្រៅពីវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណបន្ថែមទៀត ចំពោះរដ្ឋាភិបាលស្វីស ដែលបានជួយគាំទ្រ និងការបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជាចំពោះគម្រោង ការទទួលបានការងារសមរម្យ ដែលបានអនុវត្តតាំងពីឆ្នាំ២០១៧ តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាលនោះផងដែរ លោកអគ្គរដ្ឋទូត «បានសន្យាចំពោះឯកឧត្តមរដ្ឋមន្ត្រីបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

ក្រៅពីនេះ ភាគីទាំងពីរ បានជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលមានភាពចាំបាច់ក្នុងដំណើរការច្រវាក់ផលិតកម្មសេដ្ឋកិច្ចក្នុងក្របខណ្ឌប្រទេសទាំងពីរផងដែរ៕