សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋមិនយកលុយ ពីពលរដ្ឋលក់ដូរ តាមល្អី កញ្ជើនោះទេ

ភ្នំពេញ ៖ បន្ទាប់ពីមានអ្នករិះគន់ថា រាជរដ្ឋាភិបាលបង្កើតថ្មី សូម្បីតែអ្នកប្រកបរបរ តាមល្អី កញ្ជើ កញ្រែ្ជងក៏យកលុយដែរនោះ ពេលនេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ មិនមានការយកលុយ(ភាស៊ី) ពីប្រជាពលរដ្ឋ ដែលជាអ្នកប្រកបមុខរបរលក់ដូរ ទាំងនេះនោះទេ។

ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលានេះ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា ពាក់ព័ន្ធរឿងពន្ធដារនេះ គឺរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ មិនមានការបង្កើតពន្ធថ្មី ដើម្បីធ្វើការដាក់បន្ទុកឱ្យប្រជាពលរដ្ឋនោះទេ មិនដូចអ្វីដែលអ្នកខ្លះបានថាដែលពួកគេបានយកពន្ធដែលមានតាំងពីឆ្នាំ១៩៨៣ ដើម្បីយកមកធ្វើការបំភ័យប្រជាពលរដ្ឋ ឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាល។

សម្ដេចបញ្ជាក់ថា ពន្ធដែលមានស្រាប់ គឺមិនមានការការដំឡើងអត្រាពន្ធនោះទេ។ ជាមួយគ្នានោះ សម្ដេចបន្ថែមថា «ប៉ុន្តែក្រៅពីពន្ធថ្មី ដែលយើងមិនចេញ ហើយយើងមិនដំឡើងពន្ធ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ការប្ដេជ្ញាចិត្តនូវគោលនយោបាយ បន្តទៀតរបស់គណបក្សប្រជាជនទៅលើការ មិនយកពន្ធ ទី១យើងនឹងមិនបន្តយកពន្ធទៅលើដីកកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋទេ។ ទី២យើងមិនយកពន្ធនូវសម្ភារៈកសិកម្មទេ។ ទី៣យើងមិនយកពន្ធ ទៅលើកសិផល កសិកម្មទេ។ យើងមិនយកពន្ធអនលទ្រព្យតម្លៃថោកជាង១០០លានរៀល ឬ២៥០០០ដុល្លារនោះទេ។ចឹងបងប្អូនទិញផ្ទះថោកជាងហ្នឹង មិនជាប់ពន្ធនោះទេ ហើយពន្ធប្រថាប់ត្រាដែលការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន យាយតាមកចៅ ប្ដីមកប្រពន្ធ សម្រាប់អំណោយមួយលើកឬមរតក យើងមិនបន្តយកនោះទេ! នេះគឺជាការប្ដេជ្ញាចិត្តរបស់យើង ។ពន្ធទោចក្រយានយន្ត ពន្ធផ្លូវ ដែលជិះម៉ូតូ ឬកង់បី រដ្ឋនឹងមិនយកពន្ធផ្លូវទេ! ហើយយើងមិនបានយកមកយូរហើយ តាំង២០១១ យើងនឹងបន្តមិនយកទៀត។ ហ្នឹងហើយក្រៅពីមិនបង្កើតអ្វីថ្មី មិនបង្កើតអ្វីដែលមានស្រាប់ រដ្ឋក៏បានប្ដេជ្ញាចិត្តនូវអ្វីដែលយើងមិនបានយក នឹងបន្តមិនយកតទៅទៀត នេះសុំឱ្យច្បាស់រឿងពន្ធនេះ»។

លើសពីនេះទៀត សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ហើយការលុបបំបាត់ ភាស៊ី ការបង់ប៉ាស៊ីថ្លៃផ្សេងៗទៀត ចំពោះការលក់ដូរ ចំពោះប្រជាពលរដ្ឋ តាមកញ្រ្ជែង កញ្ជើ ល្អីនៅតាមទីផ្សារនានាទូទាំងប្រទេស រដ្ឋបន្តមិនយកប៉ាស៊ីនេះទេ។ កន្លងទៅមានការជ្រួលច្របល់ នៅផ្សារខ្លះថា តាំងហ៊ុនម៉ាណែតឡើងមក អាកញ្ជើ ល្អី កញ្រ្ជែងហ្នឹងក៏យកដែរប៉ាស៊ី! អត់ទេរដ្ឋគ្មានគោលនយោបាយយកទេ»។

ពាក់ព័ន្ធជាមួយករណីនេះ សម្ដេច បញ្ជាឱ្យអាជ្ញាធរទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន បើមានករណីដើរយកលុយ(ភាស៊ី) តាមល្អី កញ្ជើ កញ្រ្ជែងទៀត នោះគឺខុសច្បាប់ហើយ៕