ភ្នំពេញ៖លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានជំនឿជាក់ជាក់យ៉ាងមុតមាំថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នឹងទទួលបាន ជោគជ័យ ហើយផ្តល់ផ្លែផ្កាត្រលប់មកវិញនូវមូលធនមនុស្សឌីជីថល ដែលជាកម្លាំងសកម្មក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងឱកាស អញ្ជើញជាអធិបតីភាព ដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល“ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្ន ស្ដីពីកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍ លោកជា វ៉ាន់ដេត បានថ្លែងថា ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ការបង្កើនការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន និង មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និង រដ្ឋបាលឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកបន្តថា ក.ប.ទ. បាន បង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថលនៅ គ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួន ចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិត ជំនាន់ក្រោយ។
ជាមួយគ្នានោះលោកជា វ៉ាន់ដេតបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ លើថវិកាសិក្សា គឺជាវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ឌីជីថល និងផែនការអភិវឌ្ឍមូលធនមនុស្ស ដែលចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថល។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការអប់រំលើជំនាញបច្ចេកវិទ្យាឌីជីថល ប្រកបដោយគុណភាព ជាយុទ្ធសាស្ត្រដ៏សំខាន់មួយនៃបេសកកម្មរបស់ ក.ប.ទ. ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើ ដល់ការអប់រំនៅកម្ពុជា។
ពាក់ព័ន្ធជាមួយបញ្ហានេះ លោកថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនឹងទទួលបាន ជោគជ័យ ហើយផ្តល់ផ្លែផ្កាត្រលប់មកវិញនូវមូលធនមនុស្សឌីជីថល ដែលជាកម្លាំងសកម្មក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»៕