ភ្នំពេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្នសម្រាប់ថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ អញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន១០,០៤១ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៧៩៧ នាក’ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៦៧១ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.០០៦ នាក់។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញ៖ ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NEC KH ។ ប្រសិនបើពិនិត្យ ឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ៕