ភ្នំពេញ៖កម្ពុជា-ថៃ បានធ្វើការប្ដេជ្ញាចិត្តរួមគ្នា បន្តកិច្ចសហប្រតិបត្តិលើគ្រប់វិស័យបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរ ឱ្យកាន់តែមានការីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមជំនួបរវាងសម្ដេច ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃរថៃ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ សម្តេចហ៊ុនម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ លោកសេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ មកកាន់កម្ពុជា និងចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ។
ជាមួយគ្នានោះ សម្តេច ក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះ លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយ ស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់សម្តេចធិបតី ផងដែរ ។
ជាការឆ្លើយតប លោក សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយភាតរភាព និងក៏បានអបអរសាទរដោយផ្ទាល់ចំពោះ សម្តេច ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ ។
ក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និង ដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។
លើសពីនេះទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តការពិភាក្សានិងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។ បន្ថែមពីនេះទៀត ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ នឹងកាន់តែមានការរីកចម្រើន និងរឹងមាំថែមទៀត៕