ភ្នំពេញ៖កម្ពុជាជា-ធនាគារពិភពលោក បានធ្វើការប្ដេជ្ញារួមគ្នា ជំរុញកិច្ចសហការគម្រោង“ជំនាញកម្ពុជាដើម្បីការងារប្រសើរ” ឱ្យជោគជ័យ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការផ្តល់ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារប្រសើរ។នេះបើយោងតាម ជំនួបរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រី ម៉ារៀម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ។
ក្នុងជំនួបនោះជាកិច្ចចាប់ផ្ដើម លោកហេង សួរ បានថ្លែងអំណរគុណ ដល់ធនាគារពិភពលោកដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។
ជាមួយគ្នានោះ លោកហេង សួរ បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ដើម្បីបញ្ចប់គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” (Cambodia Skills for Better Jobs) ឱ្យទាន់ពេលវេលា កំណត់ដើម្បីជាត្រីវិស័យយ៉ាងសំខាន់សម្រាប់ពង្រឹងគុណភាពជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការផ្តល់ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារប្រសើរ។
លោករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” គឺជាគម្រោងគន្លឹះដែលនឹងមានជានិយាមជាក់លាក់សម្រាប់កម្មវិធីបណ្តុះបណ្តាលយុវជន១.៥លាននាក់មកពីគ្រួសារក្រ១ ក្រ២ និងគ្រួសារងាយរងគ្រោះដែលជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋមកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដើម្បីអាចទទួលបានជំនាញជាក់លាក់យ៉ាងឆាប់រហ័ស ហើយងាយទទួលបានឱកាសការងារក្នុងទីផ្សារកម្ពុជាដែលកំពុងតម្រូវការជំនាញបច្ចេកទេស ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច។
ក្នុងឱកាសនោះ លោកស្រី ម៉ារៀម ស្ហឺរមែន បានអះអាងថា ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាពជំនាញដល់យុវជនកម្ពុជាដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព៕