ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ មួយចំនួន ដល់អភិបាលរាជធានី-ខេត្ត ឱ្យរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ សម្រាប់ការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
យោងតាមលិខិតដែលចុះហត្ថលេខា ដោយលោក ស សុខា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តគោល នយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល សូមធ្វើការណែនាំមួយចំនួនដល់រដ្ឋបាលរាជធានី-ខេត្ត៖ ១.រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំគម្រោង ឬសកម្មភាពនានាដែលពាក់ព័ន្ធនឹងការអនុវត្តគោល នយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់ខ្លួន។
២. រដ្ឋបាលរាជធានី-ខេត្ត ត្រូវវិភាជន៍ថវិកាសម្រាប់អនុវត្តគម្រោង ឬសកម្មភាពនានាដែលពាក់ព័ន្ធនឹង គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ទៅក្នុងផែនការយុទ្ធសាស្ត្រថវិការបស់ខ្លួន ព្រមទាំងរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំស្តីពីការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព»។
៣. រដ្ឋបាលរាជធានី-ខេត្ត ត្រូវគាំទ្រ និងជំរុញរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ក្នុងការអនុវត្តកិច្ចការ ដូចខាងក្រោម៖រៀបចំគម្រោង ឬសកម្មភាពនានា ដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព “ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង-ស្រុក-ខណ្ឌ វិភាជន៍ថវិកាសម្រាប់អនុវត្តគម្រោង ឬសកម្មភាពនានា ដែលពាក់ព័ន្ធនឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»នៅក្នុងគម្រោងផែនការប្រចាំឆ្នាំក្រុង-ស្រុក-ខណ្ឌរបស់ខ្លួន។
៤. រដ្ឋបាលរាជធានី-ខេត្ត ត្រូវគាំទ្រ និងជំរុញរដ្ឋបាលឃុំ-សង្កាត់ ក្នុងការអនុវត្តកិច្ចការដូចខាងក្រោម៖ រៀបចំគម្រោង ឬសកម្មភាពនានាដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ-សង្កាត់ វិភាជន៍ថវិកាសម្រាប់អនុវត្តគម្រោង ឬសកម្មភាពនានា ដែលពាក់ព័ន្ធនឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»នៅក្នុងគម្រោងថវិកាប្រចាំឆ្នាំឃុំ-សង្កាត់ របស់ខ្លួន។៥. រដ្ឋបាលរាជធានី-ខេត្ត ត្រូវសម្របសម្រួល និងសហការជាមួយនឹងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដើម្បីកៀរគរធនធានសម្រាប់អនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព»។
សេចក្ដីណែនាំ បានបញ្ជាក់ថា ដូចដែលបានជម្រាបខាងលើ អភិបាលរាជធានី-ខេត្ត ត្រូវចាត់ចែង អនុវត្តកិច្ចការទាំងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕