សម្តេច ហ៊ុន សែន យល់ខុសចំពោះ នាយករដ្ឋមន្រ្តីថ្មី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា  បានយល់ខុសចំពោះ នាយករដ្ឋមន្ត្រី ថ្មី ហ៊ុន ម៉ាណែត ដែលជាកូនបង្កើតរបស់សម្តេច ថា យ៉ាងហោចណាស់ប្រើរយៈពេល ៣ ខែ ទើប នាយករដ្ឋមន្ត្រី​ថ្មីរូបនេះ អាចគ្រប់គ្រងលើការងារទាំងស្រុងបាន ប៉ុន្តែ មិនដូច្នោះនោះទេ។

សម្តេច ហ៊ុន សែន បានសរសេរនៅលើតេឡេក្រាមរបស់សម្តេច នៅថ្ងៃទី ១៤ ខែកញ្ញា នេះថា  «ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង»។

សម្តេច បន្តថា៖«ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ»។ បើតាមសម្តេច ហ៊ុន សែន កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ៕