លោក នេត្រ ភក្ត្រា៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព

ភ្នំពេញ៖ «កម្រិតនៃចំណះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព»

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកទទួលជួបលោក ជា ចំរើន អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។ 

លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ខ្លឹមសារគឺជាកត្តាសំខាន់សម្រាប់ស្ថាប័នព័ត៌មាននីមួយៗក្នុងការទាក់ទាញអតិថិជនអ្នកអាននិងអ្នកទស្សនារបស់ខ្លួន។ កាលពីអតីតកាល ប្រព័ន្ធផ្សព្វផ្សាយបុរណបានដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបព័ត៌មានជូនសាធារណៈ ហើយប្រព័ន្ធផ្សព្វផ្សាយជាអ្នកកំណត់ខ្លឹមសារដល់អ្នកទស្សនានិងអ្នកស្តាប់របស់ខ្លួន ប៉ុន្តែក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ និងពលរដ្ឋមានសេរីភាពពេញលេញក្នុងការបង្កើតខ្លឹមសារ និងស្វែងរកខ្លឹមសារសម្រាប់ខ្លួនឯង នោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់លើខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។

លោក រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើដល់អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញចូលរួមផលិតកម្មវិធីព័ត៌មាននិងកម្មវិធីកម្សាន្តផ្សេងៗដែលបម្រើផលប្រយោជន៍នៃការយល់ដឹងនិងកម្សាន្តប្រកបដោយក្រមសីលធម៌ជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការពង្រឹងលើសមត្ថភាពរបស់អ្នកសារព័ត៌មានតាមរយៈការបើកវគ្គបណ្តុះបណ្តាលវិក្រឹត្យការបំប៉នសមត្ថភាពបន្ថែមដល់អ្នកសារព័ត៌មានដើម្បីមានមូលដ្ឋានរឹងមាំក្នុងការផលិតនិងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព៕