លោក គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត បានចេញលិខិតសុំទោសជាសាធារណៈ បន្ទាប់ពីផ្ទុះប្រតិកម្មជុំវិញការលើកឡើងរបស់លោកពាក់ព័ន្ធចំណុចខ្សោយរបស់ខេត្តសៀមរាប ដែលមិនអនុញាតឱ្យមានការអភិវឌ្ឍគម្រោងធំៗ និងសំណងអគារខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។
ការចេញមុខសុំទោសជាសាធារណៈរបស់លោក គឺធ្វើឡើងបន្ទាប់ពីមានការផ្ទុះប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហព័ន្ធយុវជនកម្ពុជា និងក្រសួងវប្បធម៌ និងមតិមហាជនមួយចំនួនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជុំវិញការលើកឡើងក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងលិខិតចុះថ្ងៃទី១៧ កុម្ភៈនេះ លោក គឹម ហ៊ាង បានធ្វើការសុំទោសជាសាធារណៈដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំប្រទេសចំពោះកំហុសដែលលោកបានបង្កើតឡើង ដោយអចេតនាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប។
លោកទទួលស្គាល់ថា អ្វីដែលលោកបានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិវឌ្ឃន៍វិស័យអចលនទ្រព្យនៅខេត្តសៀមរាបនេះ ពិតជាមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយ ដែលលោកបានបង្កើតឡើងដោយអចេតនា។ នេះបើតាមការបញ្ជាក់របស់លោកនៅក្នុងលិខិតនេះ។
ក្រោយការប្រកាសសុំទោសរបស់លោក គឹម ហ៊ាង លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហព័ន្ធយុវជនកម្ពុជា បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនលោកនៅថ្ងៃនេះ ដោយលោកចាត់ទុកថា ការសុំទោសរបស់លោក គឹម ហ៊ាង គឺជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។
សម្រាប់លោក ហ៊ុន ម៉ានី “កន្លងមក ខ្ញុំ និងលោកបណ្ឌិត មិនមានរឿងផ្ទាល់ខ្លួនអ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំសរសេរក្នុងទំព័រហ្វេសបុករបស់ខ្ញុំ គ្រាន់តែជាការតម្រង់ទិស ដែលខ្ញុំតែងតែធ្វើជារឿយៗ ចំពោះមតិមួយចំនួន ដែលមានផលជះអវិជ្ជមានដល់កិត្តិយស និងប្រយោជន៍ជាតិ។ ខ្ញុំសូមសរសើរចំពោះការសម្រេចចិត្តជាលក្ខណៈបុគ្គល ក្នុងការសរសេរលិខិតសុំទោសជាសាធារណៈនេះ”។
ដោយឡែក ក្រសួងវប្បធម៌ នៅថ្ងៃទី១៧ កុម្ភៈ នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយចាត់ទុកការលើកឡើងរបស់លោក គឹម ហ៊ាង ខាងលើនេះគឺធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបណ្ឌិត សុខ ទូច កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោក ថា “តើមានមនុស្សប្រភេទនេះប៉ុន្មាននាក់? គាត់មានបេះដូងជាអ្វី? តើគាត់ជាខ្មែរ ឬជាអ្នកណា? គាត់គិតរឿងផលប្រយោជន៍របស់គាត់ គាត់ពុំមានគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរដែលបានបន្សល់ស្នាដៃដ៏មហាអស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ”។
លោកបណ្ឌិត បន្តថា ប្រទេសរុស្ស៊ី នៅសាំងពីជូប៊ូក (saint petersburg) គឺគេកំណត់ការសាងសង់ បើចង់សាងសង់ខ្ពស់ អាចទៅម៉ូស្គូបាន។ ដោយឡែកនៅទីក្រុងវ៉ាស៊ីងតោន មិនអាចសង់កម្ពស់លើសពីសេតវិមាន (White House) បានទេ។ ប្រសិនបើចង់សង់ខ្ពស់ ត្រូវទៅទីក្រុងញូវយ៉ក។
“តើនៅកម្ពុជាមានមនុស្សបែបនេះប៉ុន្មាននាក់? នៅខ្មែរមិនខ្វះទេកន្លែងសាងសង់ខ្ពស់ ដើរចេញពីខេត្តសៀមរាប គេអាចសាងសង់ប៉ុន្មានពាន់ជាន់នៅខេត្តណាក៏បានដែរ ដោយកម្ពុជាមាន២៤រាជធានី-ខេត្ត ប៉ុន្តែមិនមែននៅសៀមរាបទេ”។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច៕