លោកបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំ ដល់សមាជិករាជរដ្ឋាភិបាលទាំងអស់មិនចាំបាច់ហែហមលោកច្រើនពេកនោះទេ

កណ្ដាល៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំ ដល់សមាជិករាជរដ្ឋាភិបាលទាំងអស់មិនចាំបាច់ហែហមលោកច្រើនពេកនោះទេ ដោយទុកពេលលដែលមានកិច្ចការ ប្រជុំផ្ទាល់នៅក្រសួងរបស់ខ្លួន និងគ្រាន់តែចាត់តំណាងមកក៏បានដែរ ដើម្បីក្តាប់របាយការណ៍ និងអនុសាសន៍ ណែនាំរបស់រាជរដ្ឋាភិបាល។

ការណែនាំរបស់ លោកបណ្ឌិត ហ៊ុន មាណែតបានធ្វើឡើង ក្នុងឱកាសអញ្ជើញជួប​សំណេះ​សំណាល​ជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស​ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ​ខៃកញ្ញា។

លោកបានបញ្ជាក់ថា រដ្ឋមន្រ្តីនៅតាមក្រសួងខ្លះបានលើកពេលកិច្ចប្រជុំផ្ទាល់ របស់ក្រសួងខ្លួន ដើម្បីមកហែហមរូបលោក ពេលចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់​បង​ប្អូនកម្មករ-កម្មការិនីនាពេលនេះ ដូច្នេះលោក​សូមណែនាំថា ដូចមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងទេគប្បី​ប្រជុំដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើង ជាពិសេសគឺបញ្ហារបស់បងប្អូន​ប្រជាពលរដ្ឋតែម្តង៕