លោក នេត្រ ភក្ត្រា៖ ក្រសួងមិនអាចយកមនុស្ស គ្មានជំនាញយកមកកាន់តួនាទី ធ្វើឱ្យប៉ះពាល់ មុខមាត់របស់ក្រសួងនោះទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បាននិយាយថា ក្រសួងមិនអាចយកមនុស្ស គ្មានជំនាញយកមកកាន់តួនាទី ដែលធ្វើឱ្យប៉ះពាល់មុខមាត់របស់ក្រសួង និងម្យ៉ាងប៉ះពាល់ដល់គុណភាពការងារក្នុងការបម្រើរាជរដ្ឋាភិបាលលើការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិនោះទេ។ លោកថា ការមកកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងមួយនេះ លោកនឹងធ្វើឱ្យក្រសួងនេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលមួយ ដែលសកម្ម បុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព។

ថ្លែងច្បាស់ៗនៅចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មានកាលពីថ្ងៃទី២៩ សីហាម្សិលមិញនេះ លោក នេត្រ ភក្រ្តា បានសង្កត់ធ្ងន់ថា បេសកម្មធំៗចំនួនពីរដែលនឹងចាប់ផ្តើមដំបូងគឺការធ្វើទំនើបកម្មស្ថាប័ន និង រដ្ឋបាលទំនើប ក្នុងនោះមន្ត្រីត្រូវតែមានកន្លែងធ្វើការ និងត្រូវតែមានសម្ភារគ្រប់គ្រាន់ដើម្បីធ្វើការ។ លោកថា នេះគឺជារដ្ឋបាលទំនើបអាចមើលឃើញនឹងភ្នែក ហើយជាជំហានដំបូង នឹងរៀបចំជូន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជាក្បាលម៉ាស៊ីនដឹកនាំក្រសួង។

មួយវិញទៀត ការធ្វើទំនើបកម្មធនធានមនុស្ស ដូចជាការធ្វើបច្ចុប្បន្នភាពមន្ត្រី ឱ្យស្របទៅនឹងការវិវត្តន៍របស់សង្គមឌីជីថល និងគោលការណ៍នៃការដឹកនាំរបស់ក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាព ត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខ ដើម្បីរកដំណែងទេ។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា។

ដោយឡែកពាក់ព័ន្ធនឹងការរើសធនធនមនុស្សឱ្យចូលបម្រើការនៅក្នុងក្រសួង រដ្ឋមន្រ្តីវ័យក្មេងរូបនេះ បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ ការជ្រើសរើសមន្ត្រី នឹងបើកឱ្យមានការប្រឡង អ្នកដែលមានសមត្ថភាពនឹងជាប់ ចំពោះតួនាទី ភារកិច្ចដែលនៅទំនេរដែលត្រូវបំពេញបន្ថែម នឹងត្រូវជំនួសនៅពេលចូលនិវត្តន៍ ក្នុងអគ្គនាយកដ្ឋានចំណុះ នឹងកំណត់អោយមានការប្រឡង ហើយអ្នកដែលមានសមត្ថភាពមានពិន្ទុខ្ពស់ នឹងទទួលដំណែងដែលទំនេរនេះ ៕