មន្ត្រីជំនាញ៖ នាវាទេសចរណ៍បរទេសប្រមាណជិត២០គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អះអាងថា រយៈពេល ប៉ុន្មានខែចុងក្រោយនេះ នាវាទេសចរណ៍បរទេសប្រមាណជិត២០គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយកើនឡើងស្ទើរតែ១០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។

ការអះអាងរបស់លោក តាំង សុចិត្តគ្រឹស្នា ខាងលើនេះ ធ្វើឡើង នៅថ្ងៃទី ២៥ ខែសីហា នេះ បន្ទាប់ពីស្ថានពីជំងឺកូវីដ១៩បានធូរស្រាល ភ្ញៀវទេសចរបទេស ក៏ធ្វើដំណើរ កម្សាន្តមកកាន់ខេត្តព្រះសីហុនជាបន្តបន្ទាប់ ភាគច្រើនចូលមកតាមកប៉ាល់ដឹកភ្ញៀវទេសចរ។

លោកប្រធានបន្តថា ភ្ញៀវទេសចរបរទេសភាគច្រើនមកតាមកប៉ាល់ គឺជនជាតិអាមេរិក កាណាដា និងអឺរ៉ុប ជាដើម។ ក្នុងនោះភ្ញៀវទេសចរបរទេសភាគច្រើនចូលចិត្តទៅលេងកម្សាន្តនៅតាមតំបន់កោះ ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម និងបណ្តាកោះមួយចំនួនទៀត។

លោកប្រធានបន្ថែមថា ទោះបីជាចំនួននាវាកម្សាន្តដែលបានចុះចតនៅក្នុងខេត្តព្រះសីហនុមានចំនូនច្រើនជាងឆ្នាំកន្លងមកក៏ពិតមែន ប៉ុន្តែសម្រាប់ភ្ញៀវបរទេសដែលធ្វើដំណើរតាមផ្លូវអាកាស គឺមានចំនួនតិចតួចនៅឡើយ ខណៈបច្ចុប្បន្នក្នុង១សប្តាហ៍ ខេត្តព្រះសីហនុ មានជើងហោះហើរពីបរទេសផ្ទាល់ តែចំនួន១ជើងឬ២ជើងប៉ុណ្ណោះ ប៉ុន្តែទោះយ៉ាងណាចំនួនជើងហោះហើរផ្ទាល់ពីក្រៅប្រទេសត្រូវបានរំពឹងថា នឹងមានចំនួនច្រើននាពេលឆាប់ៗខាងមុខនេះ។

លោកប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងទៀតថា ស្របទៅតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង ដើម្បី ទាក់ទាញភ្ញៀវទេសចរបរទេស ក្នុងនោះមន្ទីរបានដាក់ចេញនូវផែនការមួយចំនួនដូចជា ពង្រឹងការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ពង្រឹងគុណភាពសេវាកម្មក្នុងការជំរុញបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងស្តង់ដារនៅតាមរមណីយដ្ឋាន ជាពិសេសនៅតាមតំបន់ឆ្នេរ ទាំងសុវត្ថិភាព និងគុណភាពជូនដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចភ្ញៀវដែលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ។ បន្ថែមពីនោះទៀត រដ្ឋបាលខេត្តនឹងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។

ជុំវិញបញ្ហានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងដែរថា ដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ ក៏ដូចជាការស្រូបទាញទេសចរអន្តរជាតិ ខេត្តបានកំពុងយកចិត្តទុកដាក់បន្តការអភិវឌ្ឍន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្ដង់ដារ សេវាកម្មទេសចរណ៍ ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេវាដឹកជញ្ជូនសាធារណៈ រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរ ឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ ដែលបានចូលរួមអភិវឌ្ឍនិងគាំទ្រដល់គោលនយោបាយ និងផែនការអភិវឌ្ឍទេសចរណ៍ជាតិរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននិងពេលអនាគត៕