ក្រុមហ៊ុនចិន សិក្សាគម្រោងផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ

កណ្តាល ៖ ក្រុមហ៊ុនចិន China Metro កំពុង ប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ។

លោក គង់ សោ ភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោក វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រុមហ៊ុនចិន China Metro ដើម្បីពិភាក្សាលើគម្រោងនេះ។

បើតាមរដ្ឋបាលខេត្តកណ្តាល ការស្ថាបនាផ្លូវរថភ្លើងថ្មីធុនស្រាលពីព្រលានយន្តហោះថ្មីតាខ្មៅ ចូលមករាជធានីភ្នំពេញ នាឱកាសពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តកណ្តាល សម្រាប់បម្រើនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកណ្តាល។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងជំរុញការវិនិយោគយ៉ាងខ្លាំងលើវិស័យដឹកជញ្ជូននៅកម្ពុជា ការដឹកជញ្ជូនតាមរថភ្លើង គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ពិសេសរថភ្លើងស្រាលដែលវាមិនបង្កការរំខានខ្លាំងដោយសារសម្លេង៕