លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា

ភ្នំពេញ៖ ក្រោយពេលដែល ត្រូវបានចាត់តាំង ជានាយករដ្ឋមន្ត្រីនៃកម្ពុជា លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសថានឹង នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

នៅក្នុងសារថ្លែងអំណរព្រះរាជគុណព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី ៧ ខែសីហានេះ សរសេរថា៖ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងទូលព្រះបង្គំជាខ្ញុំ ជា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

លោកបណ្ឌិត បន្តថា នេះ គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់ទូលព្រះបង្គំជាខ្ញុំ ដោយទទួលបានឱកាសដ៏វិសេសវិសោក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។ តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

លោកបណ្ឌិត សរសេរបន្តថា ៖ “ ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំនាឱកាសដ៏ថ្លៃថ្លានេះ និងជាមួយជំនឿទុកចិត្តពីសំណាក់ជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ទូលព្រះបង្គំជាខ្ញុំ រួមជាមួយឥស្សរជនទាំងអស់ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ”។

ជាចុងក្រោយ លោកបណ្ឌិត សរសេរថា៖ “ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយព្រះពរ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់មាតុភូមិកម្ពុជា និងប្រជារាស្រ្តជាកូន ចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្របំផុត កតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ”៕