ថ្ងៃនេះ គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស

ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតចំនួន ២៣៧៨៩ នៅទូទាំងប្រទេស ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ទៅពិនិត្យមើលឈ្មោះរបស់ខ្លួន មុនមួយថ្ងៃនៃការបោះឆ្នោតឈានមកដល់។

លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ប្រាប់ Khmer CM នៅថ្ងៃទី ២២ ខែកក្កដាថា ការបិទផ្សាយនេះ គឺស្រប តាមបទបញ្ជា និងនីតិវិធីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងថា បញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ការបោះឆ្នោត ឆ្នាំ ២០២៣នេះ ត្រូវបានបិទផ្សាយមួយថ្ងៃមុនការបោះឆ្នោត ដោយគណៈកម្មការការិយាល័យបោះឆ្នោត។

លោកបន្តថាការបិទផ្សាយបញ្ជីបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនេះ គឺមានសារៈសំខាន់សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត អាចទៅពិនិត្យមើលឈ្មោះរបស់ខ្លួន នៅមុនការបោះឆ្នោតឈានចូលមកដល់ ដើម្បីងាយស្រួលស្វែងរកឈ្មោះ និងលេខរៀងនៅថ្ងៃបោះឆ្នោត។

ពាក់ព័ន្ធទៅនឹងការបិទផ្សាយបញ្ជីបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោត នេះដដែរ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី ២១ ខែកក្កដា ឱ្យដឹងដែរ ថា នៅមួយថ្ងៃ មុនថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ប្រធានការិយាល័យបោះឆ្នោត (គ.ក.ប) ត្រូវចាត់ឱ្យបិទផ្សាយលេខកូដការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ចំនួន ១ច្បាប់ នៅមុខទីតាំងការិយាល័យបោះឆ្នោត។


លោកបន្តថា ការបិទផ្សាយនេះត្រូវធានាថា អាចផ្តល់លក្ខណៈងាយស្រួលចំពោះប្រជាពលរដ្ឋ ពិសេសជនមានពិការភាព (ជនពិការជិះរទេះ) ក្នុងការមកពិនិត្យឈ្មោះរបស់ខ្លួនតាមការិយាល័យបោះឆ្នោត និងត្រូវធានាថាបញ្ជីនេះ ត្រូវបានបិទនៅទីតាំងដែលមិនមានការជ្រាបលេច ជាហេតុបណ្តាលឱ្យសើម ឬប៉ះពាល់ដល់បញ្ជីបោះឆ្នោត។

បើតាម លោក ហង្ស ពុទ្ធា ថា ក្រៅពីការបិទផ្សាយនៅតាមការិយាល័យបោះឆ្នោត គ.ជ.ប ក៏បានបង្ហោះផងដែរនូវបញ្ជីបោះឆ្នោតនេះនៅលើគេហទំព័រ «voterlist.nec.gov.kh» និងនៅលើ App «NEC KH»៕