ភ្នំពេញ៖ កម្ពុជាបន្តរងគ្រោះពីការគំរាមកំហែងដែលបង្កឡើងដោយការផលិត ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ និងពិភពលោកហើយវេទិកា ASOD ជាឱកាសសំខាន់ក្នុងការជជែកពិភាក្សា ឆ្លើយតបសមស្របទៅនឹងបញ្ហាគ្រឿងញៀនដែលបាននិងកំពុងកើតមានថ្មីៗតាមបណ្តាប្រទេសនិមួយៗនិងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពស្មារតីកិច្ចប្រជុំASOD លើកទី៤៣ នៅប្រទេសម៉ាឡេស៊ី។
ក្នុងកិច្ចប្រជុំពេញអង្គមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៤៤ ស្តីពីបញ្ហាគ្រឿងញៀន និងកិច្ចប្រជុំពាក់ព័ន្ធនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធពីចម្ងាយ Via Videoconference ដែលមានប្រទេសមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថាស្ថានភាពគ្រឿងញៀនក្នុងតំបន់ និងពិភពលោកដែលវិវត្តយ៉ាងលឿន និងស្មុគ្រស្មាញបានជះឥទ្ធិពលលើគ្រប់ប្រទេសក្នុងនោះកម្ពុជាបានបន្តដោះស្រាយដោយអនុវត្តនូវវិធីសាស្រ្តទូលំទូលាយ សមាហរណកម្ម ប្រកាន់ខ្ជាប់នូវគោលការណ៍សមធម៌ មិនរើសអើង គោរពសិទ្ធិមនុស្ស ស្របតាមផែនការការងារអាស៊ាន និងផែនការសហប្រតិបត្តិការអាស៊ាន ដោយមានផ្តោតលើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ។
លោកសង្កត់ធ្ងន់ថា ឆ្លើយតបនឹងបញ្ហាទាំងនេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាំង ពី ឆ្នាំ២០១៧ រហូត មក ដល់ ពេល នេះបានជំហាន ទី ៨ផ្តោតលើ៖ ការអប់រំបង្ការគ្រប់ភាគីពាក់ព័ន្ធទាំងសាធារណៈ និងឯកជន និងបានរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទអន្តរជាតិ៖ ប្រជាជនជាចម្បង៖ បញ្ឈប់ការរើសអើង និងការមាក់ងាយ ពង្រឹងការអប់រំបង្ការ” និង ការព្យាបាល និងស្តារនីតិសម្បទា កម្ពុជាបានផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលជាតិ និងមណ្ឌលបណ្តោះអាសន្ន និងការព្យាបាលដោយផ្អែកសហគមន៍តាមមូលដ្ឋានសុខាភិបាល៖មានមន្ទីរពេទ្យ មន្ទីរពេទ្យ បង្អែក និង មណ្ឌល សុខភាព។
បើតាមលោក មាស វិរិទ្ធ មន្រ្តីអនុវត្តច្បាប់បានបង្រ្កាបឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន១៥ តោន ធៀបនឹងឆ្នាំ២០២១ (៤. ៦តោន) កើនឡើងជាង៣ដង និងសារធាតុគីមីប្រមាណ៥០៤តោន បើធៀបនឹងឆ្នាំ២០២១ ( ប្រមាណ៨៥ តោន) កើនឡើងជាង ៥ដង និងចាប់ខ្លួនជនសង្ស័យ ១៥.០០២ នាក់។ ៦ខែដើមឆ្នាំ២០២៣ កម្ពុជាបង្ក្រាបបានចំនួន៣,១៤៣ ករណី រឹបអូសបានគ្រឿងញៀនប្រមាណ៨៣៨ គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យសរុបចំនួន ៧,៤៨០នាក់។ក្រុមជួញដូរគ្រឿងញៀនបានរត់ពន្ធគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ផ្លូវសមុទ្រ សេវាប្រៃសណីយ៍ និងផ្លូវអាកាស ខ្លះលួចចែកចាយក្នុងប្រទេស និងខ្លះទៀតកំណត់ទៅប្រទេសទីបី។
លោកបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿងញៀនឆ្លងដែន និងសារធាតុគីមី ជាបឋមកម្ពុជាបានដើរតួនាទីសម្របសម្រួលក្នុងការលើកកម្ពស់ប្រសិទ្ធភាពអនុវត្តគម្រោង និងផែនការការងារដែលមានស្រាប់ទាំងអស់ ក្រោមកិច្ចសហការជា ទ្វេភាគី ត្រីភាគី អនុតំបន់ តំបន់ និងអន្តរជាតិ។ កសាងយន្តការអនុវត្តដូចជាផែនការភូមិសគ្មានគ្រឿងញៀននៅតាមព្រំដែន កិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន ការិយាល័យទំនាក់ទំនងព្រំដែន(BLO) និងយន្តការសុវត្ថិភាពមេគង្គ។រៀបចំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាលើកកម្ពស់ការកសាងសមត្ថភាពរបស់ភ្នាក់ងារ និងមន្ត្រីពាក់ព័ន្ធ។
លោកបន្ថែមថា ក្នុងការលើកកម្ពស់កិច្ចសុន្ទនានិងសម្របសម្រួលការចែករំលែកព័ត៌មានអំពីស្ថានភាពគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងតាមរយៈយន្តការASOD ជាទៀងទាត់ ដូចជា ក្រុមការងារទប់ស្កាត់គ្រឿងញៀននៅអាកាសយានដ្ឋានសម្រាប់អាស៊ាន ក្រុមការងារទប់ស្កាត់គ្រឿងញៀននៅតាមកំពង់ផែសមុទ្រសម្រាប់អាស៊ាន មជ្ឈមណ្ឌលសហប្រតិបត្តិការទប់ស្កាត់គ្រឿងញៀនអាស៊ាន។ (ASEAN-NARCO) និងបណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ាន (ADMN)។ និង ASODជាក្របខ័ណ្ឌដ៏សំខាន់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមគ្រឿងញៀនរួមគ្នានៅក្នុងតំបន់៕