ភ្នំពេញ ៖ រូបភាពមួយសន្លឹករបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេច ប៊ុន រ៉ានី ទៅបោះឆ្នោតដែលអ៊ុនតាក់ជាអ្នករៀបចំឲ្យកាលពីឆ្នាំ១៩៩៣ ហើយសូម្បីតែសម្តេចផ្ទាល់ក៏មិនបានដឹង ត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំង ។
តាមរយៈបណ្តាញតេឡេក្រាមនារសៀលថ្ងៃ៤ កក្កដា សម្តេច ហ៊ុន សែន ឱ្យដឹងថា រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថត នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ ពេលដែលសម្តេចនិងភរិយាអញ្ជើញទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាមដែលកាលពេលនោះ ការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់។ ការបង្ហាញរូបដ៏កម្រដែលរូបពេលទៅបោះឆ្នោតសម្តេចមិនដែលទាំងដឹងនេះ ក៏ស្របពេលគៀតជិតបោះឆ្នោតថ្នាក់ជាតិផងដែរ ។
សម្តេចនាយករដ្ឋមន្រ្តី បន្តថា ការទទួលរូបភាពដ៏កម្រនេះ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមក្នុងពិធីមង្គលការកូនស្រីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ នាព្រឹកថ្ងៃ៤ កក្កដា ។
សម្តេច បន្ថែម ថា រូបនេះត្រូវបានដាក់ដេញថ្លៃនៅបារាំង ហើយកូនស្រីរបស់លោកស្រីរដ្ឋមន្រ្តីវប្បធម៌ឈ្មោះ ឆេង និព័ន្ធ ដែលរៀបការនេះបានដេញថ្លៃទិញយកបាន ហើយបានប្រគល់ឲ្យសម្តេចក្នុងថ្ងៃរៀបការរបស់ខ្លួនតែម្តង ។
សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា “ព្រឹកមិញ ខ្ញុំបានទៅចូលរួមរៀបការកូនស្រី លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដែលនៅទីនោះ ខ្ញុំបានទទួលរូបថតមួយសន្លឹកដែលខ្ញុំមិនដែលបានឃើញ។ រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេស ថតថ្ងៃ២៤ឧសភា១៩៩៣ ពេលដែលខ្ញុំ និងភរិយាទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាមដែលកាលពេលនោះ ការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។ រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅថ្ងៃរៀបការរបស់នាង” ។
សម្តេចក៏បានអរគុណ ឆេង និព័ន្ធ និងស្វាមីដែលបានខិតខំចំណាយកម្លាំងនិងថវិកាដេញថ្លៃទិញយករូបថតដ៏កម្រនេះប្រគល់។
បើតាម សម្តេច ហ៊ុន សែន បើគិតពីឆ្នាំ១៩៩៣មកដល់ឆ្នាំ២០២៣ មានរយៈពេល៣០ឆ្នាំគត់ដែលពេលនោះ សម្តេចមានអាយុ៤១ឆ្នាំ ឯភរិយាអាយុ៣៩ឆ្នាំ៕