សម្តេច ហ៊ុន សែន ព្រមានអ្នកប្រើប្រាស់បណ្តាញសង្គមកុំយករឿងសន្តិសុខជាតិទៅបង្ហោះលេងសើច

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារព្រមានទៅដល់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះលេងសើច បើមិនគ្មានបទញ្ជា និងអនុញ្ញាតពីផ្នែកយោធា។

ការព្រមានរបស់សម្តេច ហ៊ុន សែន បែបនេះ បន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះថា មានយន្តហោះដ្រូន បានហោះចូលមកដល់ក្រុងបានលុង ខេត្តរតនគិរី ដែលការពិត គឺគ្មានយន្តហោះដ្រូនណាមួយហោះចូលទឹកដីកម្ពុជាឡើយ។ មួយទៀតបង្ហោះក្នុងន័យបញ្ឆិតបញ្ឆៀងថា ត្រឹមដ្រូនតូចមួយសុទ្ធតែប្រើកងកម្លាំង៥០០នាក់ និងកាំភ្លើង២០០ដើម។

ក្នុងឱកាសបន្តជួបកម្មករកម្មការិនីនៅថ្ងៃ២៩ មិថុនា សម្ដេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលថ្លែងថា នៅកម្ពុជាគឺជាតំបន់ឆ្លងកាត់របស់យន្ដហោះគ្មានមនុស្សបើកពីក្រុមបច្ចាមិត្តច្រើន ដូច្នេះរឿងសន្ដិសុខជាតិ មិនមែនជារឿងតូចតាចឡើយ ។

សម្ដេច ហ៊ុន សែន ថ្លែង “ខ្ញុំ សូមផ្ដាំផ្ញើអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ បង្ហោះតាមហ្វេសប៊ុក អត់អនុញ្ញាតទេ បើគ្មានបទបញ្ជា និងគ្មានការអនុញ្ញាតពីខាងផ្នែកយោធា មិនអាចលេងសើចទេ”។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បញ្ជាក់ទៀតថា បើនៅតែមានការបង្ហោះដ្រូនចូលទឹកដីកម្ពុជាបន្តទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នឹងពិចារណាក្នុងសរសេរលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីស្នើសុំឲ្យផ្នែកណាមួយ ជួយត្រួតពិនិត្យពីបញ្ហានេះ ថាតើជាអំពើភេរវកម្មឬយ៉ាងណា?។ បន្ថែមពីនេះ សម្តេច ហ៊ុន សែន បានណែនាំ ឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរសេរលិខិតពីសកម្មភាពនៃការបង្ហោះយន្តហោះគ្មានមនុស្សបើកចូលខេត្តជាប់ព្រំដែនកម្ពុជា រួមមានខេត្តមណ្ឌលគិរី និង រតនគិរី ទៅអគ្គលេខាធិកាកអាស៊ាន ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភ បំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឲ្យបាន មកលើអធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា។

ក្រសួងការបរទេស រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយ ការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ ទៅលើស្នាក់ការប៉ូលីស នៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត៕