ភ្នំពេញ៖ លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងថា កម្លាំងសន្តិសុខសម្រាប់ត្រៀម ការពារក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ និងការបោះឆ្នោតជិត១០ ម៉ឺននាក់ ។
លោក ឆាយ គឹមឃឿន ប្រាប់អង្គភាពសារព័ត៌មាន Khmer CM នៅថ្ងៃទី២៧ ខែមិថុនានេះ ថា កម្លាំងសន្តិសុខជិត ១០ ម៉ឺននាក់នេះ មកពីកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងប្រតិបត្តិការសឹក។ កម្លាំងទាំងនេះ នឹងត្រូវបែកចែកទៅតាមដំណាក់កាលនីមួយរួមមាន ដំណាក់កាលឃោសនាបោះឆ្នោត ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងក្រោយការបោះឆ្នោត។
លោកបន្តថា កម្លាំងទាំងនេះ ត្រូវបានចែកយ៉ាងច្បាស់លាស់សម្រាប់ការពារទៅតាមគោលដៅសំខាន់ៗ រួមមាន ទីតាំង គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ការិយាល័យបោះឆ្នោត និងការពារការបញ្ជូនសន្លឹកឆ្នោត និងឯកសារបោះឆ្នោតជាដើម ។
លោកបន្តថា ជាមួយគ្នានេះ ក៏មានកម្លាំងអន្តរារគមន៍នៅនឹងកន្លែង សម្រាប់ត្រៀមដោះស្រាយនូវហេតុការណ៍ កើតឡើងជាយថាហេតុ និងកម្លាំងវិទ្យុទាក់ទង ជិត ១០០០ នាក់ផងដែរ។
បើតាម គ.ជ.ប យុទ្ធនាការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១ ខែកក្កដា រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ខណៈការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣៕