ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើសុំចៅក្រមព្យាយាមផ្សះផ្សារលើបណ្ដឹងលែងលះរវាងប្តីប្រពន្ធ ដោយកុំលើកទឹកចិត្តឲ្យមានការលែងលះគ្នាពេក ព្រោះជួនកាល ពួកគេនឹងត្រូវរ៉ូវគ្នាវិញ ។
ការស្នើរបស់សម្តេច ហ៊ុន សែន ខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញសម្ពោធអាគារថ្មី សាលាយុត្តិធម៌ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងការស្នើកុំឲ្យមានការលែងលះគ្នានេះ ត្រូវបានសម្តេចមើលឃើញថា អាចនៅពេលចេញសាលក្រមជាស្ថាពរហើយ បែរជាប្តីប្រពន្ធទាំងគូនោះត្រូវរ៉ូវគ្នាវិញ អីចឹងចៅក្រមត្រូវព្យាយាមសម្របសម្រួលទៅ។
នាឱកាសជួបសុទ្ធសឹងតែជាមន្រ្តីផ្នែកច្បាប់ សម្តេចបានលើកជាសារយ៉ាងខ្លីអំពីករណីជម្លោះរវាងស្វាមីភរិយាថា “រឿងលែងលះប្តីប្រពន្ធ កុំលើកទឹកចិត្តឲ្យលែងលះពេក។ ហៅសម្រុះសម្រួលគ្នាសិនទៅ តិចៗវា(ប្តីប្រពន្ធ)ត្រូវគ្នាវិញហើយ ។
ជួនកាលវាចឹងឡើងទៅដល់តុលាការហើយ តុលាការចង់ចេញសាលក្រមលុបអេតាស៊ីវិល ប៉ុន្តែដល់ទៅសម្រុះសម្រួលគ្នាជាមួយនឹងអ្នកពូកែសម្រុះសម្រួល គឺសម្របសម្រួលចុះសម្របសម្រួលឡើង… ផ្ទៃពោះ(មានកូន)មួយទៀតបាត់”៕