ទូតជប៉ុនកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា

ភ្នំពេញ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានកោតសសើរចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ប្រៀបធៀបនឹងដំណើរទស្សនកិច្ចលើកដំបូងមកប្រទេសកម្ពុជាកាលពីជាង៣០ឆ្នាំកន្លងទៅ។

ការកោតសសើររបស់លោក UENO Atsushi ធ្វើឡើង ក្នុងពេល លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗនេះ ។

ជាមួយគ្នានេះ លោកក៏បានសំដែងការអបអរសាទរចំពោះធនាគារជាតិនៃកម្ពុជាក្នុងការសម្រេចបាននូវការកសាងប្រព័ន្ធធនាគារដែលមានស្ថិរភាព ជាពិសេសការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ដែលត្រូវបានទទួលស្គាល់ជាសកលថាជាប្រព័ន្ធទូទាត់គំរូល្អមួយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ ដូចបានរំលេចនៅក្នុងសុន្ទរកថារបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាវេទិកាអនាគតអាស៊ី (Future of Asia Forum) ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីខែឧសភា កន្លងទៅនេះ។

លើសពីនេះ លោក បន្ថែមថា បន្ទាប់ពីបានចូលទស្សនកិច្ចនៅសារមន្ទីសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ឯកឧត្តមបានយល់កាន់តែច្បាស់អំពីប្រវត្តិនៃស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន។

ជាការឆ្លើយតប លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានរួមចំណែកក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅកម្ពុជាក្នុងអំឡុងដើមទសវត្សរ៍ទី៩០ ព្រមទាំងផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា ជាពិសេសតាមរយៈការបញ្ជូនជំនាញការនិងផ្តល់ការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា៕