ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់មួយទៀតមកពិនិត្យសិក្សា និងកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់៥ទៀត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន ៥ទៀត ។
សេចក្តីព្រាងច្បាប់ទាំងនោះ រួមមានសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។
សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់ គម្រោងអភិវឌ្ឍ ស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ទឹង មេទឹក ហាយដ្រូផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ សិក្សា ផងដែរ៕