សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យគ្រប់រាជធានី-ខេត្ត សង់វិមានឈ្នះឈ្នះ

ភ្នំពេញ ៖ តាមការស្នើសុំ និងសំណូមពរពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពអនុញ្ញាតឲ្យសាងសង់វិមានឈ្នះឈ្នះ នៅតាមបណ្តារាជធានី-ខេត្តព្រោះមិនត្រឹមផ្តល់នូវស្នាក់ស្នាមប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែក៏អាចក្លាយជាកន្លែងហាត់ប្រាណ និងសម្រាកកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេច ហ៊ុន សែន បានឆ្លើយតបនឹងសំណូមពររបស់សម្តេច ទៀ បាញ់ ដោយ១ក្នុងចំណោម៥សំណូមពរ ទាក់ទិនទៅនឹងការប្រវត្តិសាស្រ្តយោធាកម្ពុជា ថា ចំពោះការសុំអនុសាសន៍អំពីសួនប្រវត្តិកាល នៃវិមានឈ្នះឈ្នះ សម្រាប់ផ្តល់ជូនបណ្តាខេត្ត ត្រូវការសាងសង់ សម្តេចបានបញ្ជាក់ថា “យើងអាចធ្វើបាន” ។

សម្តេច ហ៊ុន សែនលើកឡើងថា “ខេត្តនីមួយៗ គប្បីគួរធ្វើព្រោះជាទីកន្លែងកម្សាន្ត សម្រាកសប្បាយរបស់ប្រជាពលរដ្ឋផងដែរ ហើយក៏មិនថ្លៃហួស ទៅដល់ដែលយើងមិនអាចធ្វើកើតនោះទេ។ ជាតំបន់ហាត់ប្រាណ ក៏ជាតំបន់ប្រជាជននាំកូនចៅទៅលេងនៅទីនោះ”។

គិតមកទល់ពេលនេះ បន្ទាប់ពីមានការសាងសង់វិមានឈ្នះឈ្នះស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងតំបន់ផ្លូវលីយ៉ុងផាត ក៏មានការសាងសង់នៅខេត្តមួយចំនួនដូចជា នៅកោះកុង និងរតនគិរីផងដែរ។

សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះ ជានិមត្តរូបនៃការយល់ដឹងអំពីសន្តិភាព និងការឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ហើយការស្ថាបនាវិមានឈ្នះ ឈ្នះ មានគោលដៅសំខាន់មួយចំនួនរួមមាន ៖ រម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការដែលបាននាំឲ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ , គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទ្ទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជាដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាមដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា , ទី៣-បង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ឲ្យបន្តការសិក្សានិងទទួលការយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា និងការបង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនា៕