រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ១ ១២២គ្រឿង ត្រូវបានផាកពិន័យ

ភ្នំពេញ៖ រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ១ ១២២គ្រឿង នៃរថយន្តត្រួតពិនិត្យសរុប ១ ៣១២ ៥៧៩គ្រឿងត្រូវបានផាកពិន័យ ក្នុងរយៈពេល៥ខែដំបូង នៃឆមាសទី១ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍កិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៥ខែដំបូង នៃឆមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣ ។

តាមរបាយការណ៍នៃការអនុវត្តការងារក្នុង រយៈពេល៥ខែដំបូង នៃឆមាសទី១ ឆ្នាំ២០២៣ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១ ៣១២ ៥៧៩គ្រឿង ដោយរថយន្តដឹកជញ្ជូនតាមច្បាប់កំណត់មានចំនួន ៨៨៦ ៧៦៥ គ្រឿង និងរថយន្តលើសទម្ងន់កម្រិតកំណត់មានចំនួន ៤២៥ ៨១៤គ្រឿង ស្មើនឹង៣២,៤៤% ដែលក្នុងនោះ៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% (អនុគ្រោះ) ចំនួន ៤២៤ ៦៩២គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% (ពិន័យ) ចំនួន ១៤គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% (ពិន័យ) ចំនួន ៧៩១គ្រឿង និង រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% (ពិន័យ) ចំនួន (៣១៧)គ្រឿង។

ក្នុងរបាយការណ៍ខាងលបន្ថែមថា រថយន្តដែលត្រូវពិន័យមានចំនួន ១១២២ គ្រឿង មានទឹកប្រាក់ពិន័យសរុបប្រមាណ ១,៧៧ពាន់លានរៀល ក្នុងនោះរថយន្តដែលត្រូវឃាត់ទុកមួយឆ្នាំមានចំនួន ៥៥គ្រឿង។

ជាមួយគ្នានេះ អង្គប្រជុំក៏បានលើកឡើងផងដែរពីបញ្ហាប្រឈមនានាដែលសមាជិក សមាជិកា នៃស្ថានីយជញ្ជីងបានជួបប្រទះ និងស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបន្តទិសដៅការងារដែលត្រូវអនុវត្តក្នុងឆមាសបន្ទាប់។ យ៉ាងនេះក្តីមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ដោយប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ៕