សម្ដេច ហ៊ុន សែន ប្រាប់បារាំង និងAFD បន្ដជួយកម្ពុជា ហើយកុំគិតថាកម្ពុជាគ្មានលទ្ធភាពសង

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រាប់មិត្តបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) បន្ដជួយកម្ពុជា តាមរយៈសាងសង់រោងចក្រផលិតទឹកស្អាត ហើយកុំបារម្មណ៍ថា «កម្ពុជា គ្មានលទ្ធភាពសង» ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសង។

នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសងលុយវិញនោះ តាមរយៈពីការចំណេញលក់ទឹកស្អាតទៅឱ្យប្រជាពលរដ្ឋ។

សម្ដេច គូសបញ្ជាក់ថា «សូមឱ្យទាំងបារាំង ទាំង AFD កុំបារម្ភ សូមជួយយើងខ្ញុំ បន្ដទៀត រដ្ឋាករទឹកទីក្រុងភ្នំពេញនេះ មានលទ្ធភាពសងលុយ ទៅត្រឡប់ទៅវិញ កុំបារម្ភថា យើងខ្វះលុយ ដើម្បីនឹងសង ព្រោះអានេះបូមទៅលក់ហើយ បានលុយចំណេញអភិវឌ្ឍបន្ដទៀត ក៏ប៉ុន្ដែទុកលុយនឹងសងត្រឡប់ទៅវិញ បើខ្ចីហើយមិនសង គឺយើងមិនគោរពកាព្វកិច្ចនោះទេ»។

នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន បារាំង និងសហភាពអឺរ៉ុប បានផ្ដល់ថវិកាកម្ចីសម្រាប់ដោះស្រាយបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ សម្ដេច លើកឡើងថា អតុល្យភាពរវាងតម្រូវ និងការផ្គត់ផ្គង់ទឹកនៅតែមាន។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បន្តសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ជាបន្តបន្ទាប់ទៀត៕