សម្តេច ហ៊ុន សែនបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរឹតបន្តឹងចលនាជ្រៀតចូលកម្ពុជាពីក្រុមក្រុមឧទ្ទាមដែលកំពុងវាយប្រហារក្នុងប្រទេសវៀតណាម

កំពង់ចាម៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរខេត្តរបស់កម្ពុជាជាប់ព្រំដែនប្រទេសវៀតណាម ប្រឹងប្រែង និងរឹតបន្តឹងចលនាជ្រៀតចូលកម្ពុជា នៃក្រុមឧទ្ទាមវាយប្រហារក្នុងប្រទេសវៀតណាម សម្លាប់មនុស្ស និងមានបំណងចូលមកជ្រកកោណនៅកម្ពុជា។

ការដាក់បទបញ្ជាដាច់ណាត់ របស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពេលសម្តេច ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ ។

សម្តេចបន្តថា កម្ពុជាមិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយយកទឹកដីកម្ពុជា បង្កើតចលនា ឬកម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ឱ្យអាជ្ញាធរខេត្ត ជាប់ព្រំដែនកម្ពុជាវៀតណាម ចុះទៅតាមភូមិ ដើម្បីស្រាវស្រាវ ក្រែងមានក្រុមឧទាមទាំងនោះ បានលួចចូលមកស្រងំលាក់ខ្លួន ហើយបើឃើញត្រូវចាប់ខ្លួនទៅកាន់ប្រទេសវៀតណាមវិញ។

សម្តេច ប្រកាសថា មេដឹកនាំចលនាបង្កើតកងកម្លាំងឧទ្ទាមវាយប្រហារឃុំចំនួន២ និងសម្លាប់មនុស្សជាច្រើននៅប្រទេសវៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាចមានមេដឹកនាំចលនាកំពុងនៅកម្ពុជាដែលមិនខុសពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើតឱ្យមានជនភៀសខ្លួននៅខេត្តរតនគីរី កាលពីពេលកន្លងទៅនោះទេ៕