ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) និង អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងសហគមន៍ម្ចាស់ជំនួយបានបើកការប្រជុំសម្រាប់ពាក់កណ្តាលឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាភិបាលនៃ “គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស” នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោកស្រី ស៊ីន ជុងយ៉ុន (Ms. Shin Jungyeon) អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជាលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជា អនុប្រធានទី១អាជ្ញាធរមីន និង លោកស្រី Alissar CHAKER អ្នកតំណាងរាស្រ្ត UNDP ប្រចាំប្រទេសកម្ពុជា រួមជាមួយសហការីអាជ្ញាធរមីន និងUNDP និងមានការចូលរួមពីតំណាងមកពី នាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្ម (DFAT) របស់ប្រទេសអូស្រ្តាលី ប្រទេសនូវែលហ្សេឡង់ និងតំណាងអង្គភាពផែនការសកម្មភាពមីន (MAPU) មកពីខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។
កិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ទី១)-សមិទ្ធផលគម្រោងពីខែមករា ដល់ខែមិថុនាឆ្នាំ២០២៣ ទី២)-ការងារអាទិភាពសំខាន់ៗសម្រាប់ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៣ ទី៣)-បញ្ហាប្រឈមក្នុងការអនុវត្ត និងហានិភ័យ និងការធ្វើបច្ចុប្បន្នភាពហិរញ្ញវត្ថុជាដើម។ អ្នកចូលរួមទាំងអស់បានចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយផលិតភាព និងបានពិភាក្សាអំពី ទី១)- ការគាំទ្រដល់ជំនួយជនរងគ្រោះ ទី២)-ការគាំទ្រដល់ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិរបស់ផែនការសកម្មភាពមីនយេនឌ័រ (GMAP) ទី៣)-ការគាំទ្រដល់ការអប់រំអំពីហានិភ័យនៃអាវុធជាតិផ្ទុះ(EORE) ទី៤)-ផែនការការងារ&ថវិកា ទី៥)-សន្និសីទសកលស្តីអំពីជំនួយដល់ជនរងគ្រោះ ទី៦)-ការពិនិត្យឡើងវិញជាសកលលើកទី៥ នៃអនុសញ្ញាអូតាវ៉ាទី៧)-បេសកកម្មផ្នែកផ្តល់ជំនួយប្រចាំឆ្នំា២០២៣ និងទី៨)-ការឆ្លើយតបទៅនឹងការគ្រប់គ្រងនិងត្រួតពិនិត្យពាក់កណ្តាលអាណត្តិរបស់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)។
លោកស្រី ស៊ីន ជុងយ៉ុន (Ms. Shin Jungyeon) បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់អាជ្ញាធរក្នុងការអនុវត្តគម្រោងបោសសម្អាតមីន និងបានអបអរសាទរដល់អាជ្ញាធរមីន (CMAA) ចំពោះផែនការរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំ “សន្និសីទសកលស្តីអំពីជំនួយដល់ជនរងគ្រោះ” ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញចាប់ពីថ្ងៃ ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ហើយទីភ្នាក់ងារកយកាតាមរយៈ “គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV) គ្រោងនឹងគាំទ្រថវិកា US$15,000 សម្រាប់សន្និសីទពិភពលោកនេះផងដែរ។
លោក លី ធុជ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន(CMAA) ក្នុងការបោសសម្អាតមីនក្នុងប្រទេស ហើយបានសន្យាថា អាជ្ញាធរនឹងបន្តការខិតខំប្រឹងប្រែងសម្រាប់ឆ្នាំខាងមុខ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ចំពោះកយកា(KOICA) និងម្ចាស់ជំនួយដទៃទៀត ដែលបានគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការអនុវត្ត យុទ្ធសាស្ត្រជាតិកម្ចាត់មីនឆ្នាំ២០១៨-២០២៥ និងដើម្បីទទួលបានជោគជ័យនៃ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)ពីឆ្នាំ ២០២០-២០២៥។
បើតាម លោក លីធុជ កម្មភាពមីនរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ បានធ្វើការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីចំនួន ២៥៧៩ គីឡូម៉ែត្រក្រឡា។ ដីទាំងនោះ ត្រូវបានប្រគល់ជូនសហគមន៍វិញសម្រាប់គោលបំណដូចជាកសិកម្ម ការតាំងលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗជាដើម។ ចាប់ពីឆ្នាំ២០២២ បន្ថែមលើថវិកាចូលរួមពីដៃគូអភិវឌ្ឍន៍ និងប្រភពផ្សេងៗ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកៀរគរធនធានបន្ថែម និងជម្រុញឲ្យមានការចូលរួមពីវិស័យឯកជន និងសប្បុរសជននានា ក៏ដូចជាបានទម្លាក់នូវកញ្ចប់ថវិកាជាតិ តាមរយៈ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” ដើម្បីបំពេញបន្ថែមនូវមហិច្ឆតាដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ក្រៅពីផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ២០២៣ដែលកំពុងដំណើរការ ក្នុងនាមសម្តេច ហ៊ុន សែន លោកបានអំពាវនាវឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រនូវផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ២០២៤-២០២៥បន្ថែមទៀត ដោយគ្រោងនឹងបោសសម្អាតក្នុងទំហំផ្ទៃដីមានមីននៅសល់ប្រមាណជា ៣៥៩ គីឡូម៉ែត្រក្រឡា និងប្រើប្រាស់ថវិកាចំនួន ៧៨ លានដុល្លារអាមេរិក ព្រមទាំងបានជម្រុញឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពដើម្បីសម្រេចបាននូវគោលដៅកំណត់។
លោកថ្លែងថា៖ “ប្រសិនបើសកម្មភាពមីន គឺជាអ្នកផ្តល់លទ្ធភាពឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់អនាគតឲ្យកាន់ប្រសើរឡើង អនាគតដែលមានវិបុលភាព បរិយាប័ន្ន និងនិរន្តរភាព សូមឲ្យទទួលយកនូវរបៀបវារៈ តម្រឹមកិច្ចខិតខំប្រែង និងធ្វើការរួមគ្នាឆ្ពោះទៅរកពិភពលោកដែលគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ”។
ពាក់ព័ន្ធនឹងបង្ហានេះដែរ លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានទទួចឲ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រ និងបង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ពន្លឿនឈានទៅសម្រេចគោលដៅឆ្នាំ២០២៥ ឲ្យកាន់តែឆាប់។ តំណាងស្ថានទូតអូស្រ្តាលី បានលើកឡើង កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់វិស័យសកម្មភាពមីន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចនូវគោលដៅរបស់ខ្លួន។
ដៃគូអភិវឌ្ឍន៍ទាំងអស់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានក្នុងការងារសកម្មភាពមីននៅកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះប្រជាជនកម្ពុជាចេញពីការគំរាមដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ចប់បញ្ហាមីនដែលបានដឹងឲ្យអស់ក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរ ដៃគូអភិវឌ្ឍន៍ បានសម្តែងនូវការអបអរសាទរ និងគាំទ្រដល់កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងជនមានពិការភាព ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានប្រទេសចំនួន ៤៥ ចូលរួម។
សូមរំលឹកថា KOICA បានគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា ដោយផ្តល់ថវិកាចំនួន១០ លានដុល្លារអាមេរិក ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥ តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស សម្រាប់ជួយកម្ពុជាក្នុងការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងការអប់រំពីហានិភ័យមីន ក៏ដូចជាការអភិវឌ្ឍន៍ជនបទ។ នេះជួយជីវិត ការពារសហគមន៍ និងគាំទ្រដល់ការរីកចម្រើននៃសហគមន៍ជនបទ និងកសិកម្ម៕