ក្រសួងទេសចរណ៍ បើកយុទ្ធនាការ “ដំរីមួយជួយថវិកាពីរពាន់រៀល” ដើម្បីទិញចំណី និងព្យាបាលដំរីនៅរតនគិរី

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បើកយុទ្ធនាការ “ដំរីមួយជួយថវិកាពីរពាន់រៀល” ដើម្បីប្រមូលថវិកាជួយដល់សមាគមអភិរក្សដំរីអៃរាវត្តា សម្រាប់ទិញចេក ឬអំពៅ និងព្យាបាល ដើម្បីចូលរួមការពារ ថែរក្សា និងអភិរក្សដំរី នៅខេត្តរតនគិរី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចណ៍ដែលអង្គភាពសារព័ត៌មាន Khmer CM ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា យុទ្ធនាការ “ដំរីមួយជួយថវិកាពីរពាន់រៀល” គឺជាយុទ្ធនាការមួយដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងកៀងគរការបរិច្ចាគ ទោះតិចក្ដី ច្រើនក្ដី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តាដែលកំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី។

ក្រសួងទេសចរណ៍បន្ថែមថា ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព។

បើតាម ក្រសួងទេសចរណ៍ សមាគមអភិរក្សដំរីអៃរាវត្តាបាន នឹងកំពុងចូលរួមសកម្មភាពការងារសង្គម-បរិស្ថាន តាមរយៈការការពារ ថែរក្សា និងអភិរក្សដំរី នៅខេត្តរតនគិរី។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តា សូមអំពាវនាវដល់ ថ្នាក់ដឹកនាំ មន្ត្រី រាជការក្រសួងទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សាធារណៈជន និងសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគមូលនិធិឧបត្ថម្ភដល់សមាគមឱ្យបានផុសផុល តាមរយៈប្រព័ន្ធគណនីធនាគារ ABA (001 674 633) និងប្រព័ន្ធគណនីធនាគារអេស៊ីលីដា (15255639) ឬតាមរយះការស្តុន QR Code (ដូចមានជូន ភ្ជាប់រូបភាពខាងក្រោមនេះ)។

សូមបញ្ជាក់ថា មូលនិធិដែលទទួលបានពីសប្បុរសជនទាំងអស់គ្នា សមាគមអភិរក្សដំរីអៃរាវត្តីនឹងយកទៅ ចាត់ចែងសម្រាប់ការទិញចំណីដំរី ព្យាបាលដំរី និងសកម្មភាពអភិរក្សផ្សេងៗ៕